ភ្នំពេញ៖ មជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងជាបេះដូងតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចំរើនគួជាទីចាប់អារម្មណ៍និងកោតសរសើរ។ ប៉ុន្តែទន្ទឹមគ្នានេះដែរក៏មានបញ្ហាប្រឈមជាច្រើន ដែលត្រូវ ទាមទារឲ្យ អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមសហការជាមួយប្រជាពលរដ្ឋ រិះរកវិធីសាស្រ្តដោះស្រាយឲ្យបានទាន់ពេលវេលា និងបញ្ជៀសឲ្យបានទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ថ្លែងក្នុងពិធីប្រកាសកម្រង និងប្រធានកម្រងទី១ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី\ខេត្ត កាលពីព្រឹកថ្ងៃទី៦វិច្ឆិកាឆ្នាំ២០១៣ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា សព្វនេះការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងភ្ញៀវទេសចរណ៍ ការសាងសង់សំណង់អគារខ្ពស់ៗ ផ្សារទំនើប បុរីប្រណិត សួនច្បារ តំបន់ទេសចរណ៍គោក និងទឹក បានរីកផុលផុសស្ទើរគ្រប់ទីកន្លៃង សម្រាប់រាជធានីភ្នំពេញ ជាមួយគ្នានេះ ក៏មានបញ្ហាប្រឈមធំៗចំនួន៣ គឺ បញ្ហាកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ បញ្ហាទឹកជំនន់ ទាំងជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀង និងបញ្ហាទី៣គឺសំរាម ដែលកំពុងតែកើនឡើងឥតឈប់ឈរពីមួយថ្ងទៅមួយថ្ងៃ។
ទាក់ទិននិងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរទាំងនោះ វាមិនត្រឹមតែបង្កផលប៉ៈពាល់ ឬខាតបង់ដល់កំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងរាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុង ឲ្យមានសោភណ្ឌភាព របៀបរៀបរយ និងជៈឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ ដើម្បីបញ្ជៀស និងដោះស្រាយបញ្ហាខាងលើ ទាមទារឲ្យអាជ្ញាធរដាក់ចេញនូវវិធានការ និងប្លង់មេ ដើម្បីកសាងផ្លូវធំៗមួយចំនួនទៀតពិសេសផ្លូវក្រវ៉ាត់ក្រុង នាថ្ងៃខាងមុខ។ ម៉្យាងទៀតត្រូវពិនិត្យឡើងវិញ និងមានវិធានការចំពោះ
រថយន្តធន់ធំ និងកំណត់ដែនចរាចរ និងពេលវេលាឲ្យបានត្រឹមត្រូវ ពីព្រោះវាពិតជាមានផលប៉ះពាល់យ៉ាងច្រើនក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ ដើម្បីលើកកម្ពស់និងប្រសិទ្ធិភាព រាជធានីភ្នំពេញឲ្យបានល្អប្រសើរថែមទៀត។
បើទោះជាយ៉ាងនេះក្តី លោក ប៉ាសុជាតិវង្ស បានជម្រុញដល់មន្រ្តីក្រោមឱវាទឲ្យខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត រួមសហការគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះដែលចាំបាច់ចំពោះមុខនិងជាក់ស្តែង ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាស្រូបយក អ្នកវិនិយោគទុនបរទេស និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យបានកាន់តែច្រើនឡើងថែមទៀតទាំងពេលបច្ចុប្បន្ន និងអនាគត ។ មួយវិញទៀតក៏មិនភ្លេចពីការលើកកម្ពស់សីលធម៌ នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងសង្គមទាំងមូល។
ជាមួយគ្នានោះលោក ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី\ខេត្ត មានប្រសាសន៍នៅក្នុងពិធីនោះថា ប្រទេសមានការរីកចំរើន ជឿនលឿន និងមានការទទួលស្គាល់ពីមជ្ឈដ្ឋាន អន្តរជាតិបាននោះ វាទាល់តែប្រជាជននៅក្នុងប្រទេសនោះ មានការអភិវឌ្ឍន៍ធនធាន សមត្ថភាពរបស់ខ្លួន ពិសេសគឺវប្បធម៌ និងសីលធម៌ក្នុងការរស់នៅ ព្រមទាំងមានការយោគយល់គ្នា សាមគ្គីគ្នា ស្រលាញ់គ្នាក្នុងនៃជាតិសាសនា ព្រះមហាក្សត្រតែមួយទើបប្រសើរ ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានសាកល្បងនូវវិធានការបថមមួយក្នុងរយៈពេល១សប្តាហ៍រួចមកហើយដោយបានកំណត់នូវការចូលរថយន្តធន់ធ្ងន់លើផ្លូវមួយចំនួនដែលអាចធ្វើ ចរាចរណ៍បាន និងកំណត់ពេលវេលាសំរាប់សាកល្បង។ ការសាកល្បងគម្រោងនោះមាន ប្រសិទ្ធិភាពគួរឥ្យកកត់សម្គាល់ និងទទួលបានការគាំទ្រពីសាធារណៈមតិ ពិសេសធ្វើឲ្យចរាចរមានការធូរស្រាល ដោយបញ្ជៀសបាននូវការកកស្ទះតាមបណ្តាផ្លូវមួយចំនួនក្នុងមូលដ្ឋាន៕ ដោយ៖ សស្អាត