ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី០៧ ខែមេសា នេះថា ករណីលោក សម រង្ស៊ី អាចនឹងត្រូវប្តឹងទៅតុលាការមុនចូលឆ្នាំថ្មីនេះ ។ សម្តេច ហ៊ុន សែនបន្តថា អ្នកច្បាប់កំពុងសិក្សាករណីប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី អំពីកំហុសប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការប្រមាថព្រះមហាក្សត្រ ត្បិតមិនមានច្បាប់ណាចែងពីទោសបញ្ញត្តិ ប៉ុន្តែក្នុងករណីលោកសម រង្ស៊ីគឺ ជាការប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ចំពោះលិខិតរបស់លោក សម រង្ស៊ី ចេញផ្សាយកាលពីថ្ងៃទី០២ ខែមេសា ឲ្យដឹងថា ក្នុងឋានៈលោកជាប្រធានគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋយ៉ាងតិច៣លាននាក់ លោក សម រង្ស៊ី សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះករុណាជាអម្ចាស់ ទ្រង់ព្រះមេត្តាជ្រាបថា រដ្ឋសភាបច្ចុប្បន្នបង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា គឺជាសភាឯកបក្ស ដែលតំណាងមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះមិនមែនតំណាងឲ្យពលរដ្ឋខ្មែរទាំងមូលឡើយ។
ដោយឡែកអំពីការចរចារវាងគណបក្សទាំងពីរត្រូវបានសម្ដេចតេជោ ប្រកាសនិងអនុញ្ញាតឱ្យលោកឧបនាយករដ្ឋមន្ដ្រី ស ខេង ជួបចរចាជាមួយលោកសម រង្ស៊ី នៅព្រឹកនេះ ។ ចំពោះគម្រោងនៃការ ជួបគ្នាខាងលើនេះ ត្រូវបានលោកជាម យៀប មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនអះអាងថា គិតត្រឹមវេលាម៉ោង១០និង៥៧នាទី មិនទាន់មានការជួបគ្នានៅឡើយទេ ដោយរង់ចាំសុំគោលការណ៍ពីថ្នាក់លើ ។នៅព្រឹកថ្ងៃដដែលនោះ លោកសម រង្ស៊ី ក៏បានប្រកាសបន្ដការចរចាជាមួយគណបក្ស ប្រជាជន ដោយលោកអះអាងថា មានតែការនិយាយគ្នាទេ ទើបអាចរកដំណោះស្រាយបាន ប៉ុន្ដែមេដឹកនាំគណបក្សប្រឆាំងរូបនេះ ក៏បានព្រមានដឹកនាំមហាបាតុកម្មដ៏ធំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ខាងមុខ ដោយលោកអះអាងថា មានអ្នកចូលរួមប្រមាណ២លាននាក់ ។
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ការចរចនៅតែធ្វើតែអាចនឹងបើកភ្លើងខៀវ ឲ្យមេធាវី របស់រាជរដ្ឋាភិបាលដាក់ពាក្យបណ្តឹង មេដឹកនាំគណបក្សប្រឆាំងរូបនេះ ពីបទប្រមាថ ព្រះមហាក្សត្រ និងប្រឆាំង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ៕
ដោយៈ ភីនរ៉ា