កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ដាក់មង ចងសន្ទួច សម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ បាននាំគ្នានិយាយថា មានករណីបទល្មើសនេសាទ កំពុងកើតមានពេញបន្ទុកនៅក្នុងទឹកដីឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយគ្មានអាជ្ញាធរ ឬ សមត្ថកិច្ចណាចុះបង្រ្កាប។
ប្រជាពលរដ្ឋខាងលើបានបង្ហាញពីឧបករណ៍ ដែលជនល្មើសបានកំពុងប្រព្រឹត្តយ៉ាងអា ណាធិបតេយ្យក្នុង ទន្លេទាំងនោះ រួម មានដូចជា លូស្បៃមុង រាប់រយមាត់ និងរបាំងព្រូលស្បៃមុង រាប់សិបមែត្រ ត្រូវបានពួកគេដាក់ពង្រាយ ក្នុងទីតាំងភូមិសាស្រ្ត ព្រែកថ្មី ចុងព្រែកថ្មី បឹងប្របោះ ខាងជើងនិងខាងកើតវត្តប្រាសាទប្រាំ បន្តរហូតដល់ប្រឡាយចុងជ្រោយ ស្ថិតក្នុងឃុំ
កំពង់ស្វាយ ស្រុកកៀនស្វាយឯណោះ។
រាល់ករណីបទល្មើសនេសាទទាំងនោះ កំពុងធ្វើឲ្យប្រជានេសាទស្របច្បាប់ តាមលក្ខណៈគ្រួសារ កើតក្តីក្តៅក្រហាយយ៉ាងខ្លាំង ហើយរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញថាបានឃុបឃិតជាមួយក្រុមអ្នកនេសាទខុសច្បាប់ទាំង នោះ ទើបគ្មានការបង្ក្រាបយ៉ាងដូច្នេះ។
បុរសម្នាក់មានអាយុប្រមាណជាង៤០កំពុងដោះត្រីជាប់មង ដែលគាត់បាននេសាទជាលក្ខណៈគ្រួសារ នៅចំណុចប្រឡាយចុងជ្រោយ (ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ) រស់នៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ បាននិយាយប្រាប់ថា រូបគាត់តែងតែមករាយមងក្រឡាបី ក្រឡាបួន ដែលមានបាចនុយពោតក្រហម ត្រាំទឹកឲ្យមានក្លិនស្អុយ ដើម្បីទាក់ទាញត្រី ដែលនៅឆ្ងាយពីសាច់មងដែលគាត់បានបង្រាយនៅទីនេះជារៀងរល់ថ្ងៃ។
បុរសខាងលើនេះបាននិយាយទៀតថា ការដាក់មងបាចនុយពោតដូចរូបគាត់ ក៏ដូចជាប្រជានេសាទតូចតាចដ៏ទៃទៀតនោះ គឺភាគច្រើនចាប់បានត្រីប្រភេទត្រីរាល ត្រីក្រាញ់ និងត្រីស្រការមួយចំនួនទៀត ដែលក្នុងមួយថ្ងៃៗចាប់បានតែបួនទៅប្រាំគីឡូ ក្រាមទាំងងាប់ទាំងរស់តែប៉ុណ្ណោះ គឺអាចលក់បានប្រាក់ពី៣ទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ។ ហើយពួកគាត់រកស៊ីនេសាទត្រីតែរដូវទឹកឡើង ដល់រដូវប្រាំង គាត់នាំគ្នាទៅធ្វើស្រូវធ្វើចំការវិញអស់ហើយ។
លោកបន្តថា បើទោះជារាជរដ្ឋាភិបាលបានបិទឡូតិ៍នេសាទទាំងស្រុងហើយក្តី ក៏រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវសំបូរត្រី ដូចកាលពីឆ្នាំ១៩៨០ដល់១៩៩០នោះទេ ព្រោះថាកាលពីសម័យនោះ នៅក្នុងប្រទេសកម្ពុជាមិនមានឧបករណ៍នេសាទ ឬ ការនេសាទខុសច្បាប់ ដូចពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។
ហើយឈ្មោះប្រភេទឧបករណ៍នេសាទដែលត្រូវហាមឃាត់ដូចជា សៃយឺន ម៉ាញ់ លូស្បៃមុង ទាំងនេះមិនទាំងដែលឮ ឬស្គាល់ ឈ្មោះផង គឺយ៉ាងច្រើនគេរាយរបាំងព្រួលដាក់លប ប្រវែងបួនដប់ម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នត្រូវបានអ្នកនេសាទខុស
ច្ បាប់ដាក់ពង្រាយនៅក្នុងបឹងឬព្រែកស្ទើរតែពេញបឹងទាំងអស់ ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពិសេសកម្លាំងជំនាញណា ចុះបង្រ្កាប ទប់ស្កាត់ក្រុមអ្នកនេសាទខុសច្បាប់ទាំងនោះឡើយ ទើបបណ្តោយឲ្យផលត្រីថយចុះជាលំដាប់ដូចនេះ។
ចំណែកប្រជានេសាទស្របច្បាប់ផ្សេងទៀត បាននិយាយដូចអ្នកដាក់មង ចងសន្ទូចខាងលើនេះដែរថា ពួកគាត់ជាអ្នកនេសាទដោយប្រើឧបករណ៍ស្របច្បាប់ គឺរកត្រីមិនបានច្រើន ដូចអ្នកនេសាទខុសច្បាប់នោះទេ ដោយសារតែពួកគាត់គិតពីអនាគត មិនបំផ្លាញមច្ឆជាតិខ្លួនឯងនោះទេ ពួកគាត់គោរពតាមការណែនាំរបស់មន្រ្តីជំនាញ និងគោរពច្បាប់។
ទាក់ទិននិងករណីបទល្មើសនេសាទខាងលើនេះមេឃុំកំពង់ស្វាយ លោក កុយ ណារ៉ុង មិនបានបង្ហាញពីចំណាប់អាម្មណ៍និងការចោទប្រកាន់របស់ប្រជានេសាទខាងលើនេះទេ តែលោកបានប្រាប់ថា លោកនឹងមានវិធានការចុះបង្ក្រាបនូវបទល្មើសនេសាទនេះ នៅក្រោយថ្ងៃគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មប៉ុន្មានថ្ងៃនេះចប់ ព្រោះពួកអ្នកនេសាទខុសច្បាប់ទាំងនោះ ប្រហែលជាទើបតែលួចដាក់ក្នុងអំឡុងពេលដែលអាជ្ញាធរកំពុងជាប់រវល់កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ប៉ុន្មាន ថ្ងៃនេះដែរ ទេ។ដោយឡែកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ លោក ជួប សុភី បាននិយាយឲ្យដឹងតាមទូរស័ព្ទថា លោកមិនមានពាក់ ព័ន្ធនឹងករណីចោទប្រកាន់នេះទេ លោកបានចុះទៅពិនិត្យឃើញបទល្មើសនេសាទ មានលូស្បៃមុង នៅក្នុងព្រែថ្មីចុងព្រែកថ្មី និងពេញបឹងប្រាកដមែនហើយលោកបានធ្វើរបាយការណ៍ដាក់ជូនលោកមេឃុំ និងលោកអធិការស្រុកកៀនស្វាយ រួចហើយ រង់ចាំតែបញ្ជាដើម្បីចុះបង្រ្កាបតែប៉ុណ្ណោះ លោកបញ្ជាក់ថា កន្លងមកមិនមែនអាជ្ញាធរមិនអើពើនោះទេ គឺយើងតែង តែចុះ បង្រ្កាបជារើយៗ តែដូចវែកចកអញ្ចឹង គឺពួកគេហាក់ដូចជាដឹងមុនថាអាជ្ញាធរឬកម្លាំងចម្រុះត្រូវចុះបង្រ្កាបអញ្ចឹង៕
ដោយ៖ សស្អាត