(MC): គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជាហៅកាត់ថា KOICAបានអោយដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីKOICAចាប់តាំងពីឆ្នាំ១៩៩១ដល់ឆ្នាំ២០១២។តាមទំហំហិរញ្ញប្បទានឥតសំណងដែលKOICAផ្តល់អោយប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០១២និងហិរញ្ញប្បទានសម្រាប់ផ្តល់នៅឆ្នាំ២០១៣នេះមានចំនួនសរុបប្រមាណ១២៩លានដុល្លារអាមេរិក ។
ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកាលពីរសៀលម្សិលមិញ លោក Kim Young Mok គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីKOICAកូរ៉េ។ជាមួយគ្នានេះ លោក វាយតម្លៃថា ប្រទេសកម្ពុជា ជាប្រទេសដែលបានអនុវត្តគម្រោងសហប្រតិបត្តិការរបស់ KOICAប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ឆ្លើយតបនិងការលើកឡើងនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជាពិសេសថ្នាក់ដឹកនាំKOICAដែលបានដើរតួផងដែរក្នុងគាំទ្រការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាតាមរយៈយុទ្ធសាស្ត្រភាពជាដៃគូ ។
យុទ្ធសាស្ត្រនេះនឹងកំណត់ទិសដៅសម្រាប់រដ្ឋាភិបាលកូរ៉េ ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជាដែលផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤ រួមមាន កសិកម្ម ការអភិវឌ្ឍន៍ជនបទហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និងសុខាភិបាល ដែលវិស័យទាំងនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងស្របផងដែរទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសមួយទៀតរបស់KOICAហៅថា កម្មវិធីចែករំលែកការ
យល់ដឹង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា សម្រាប់កម្មសិក្សា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជា
ច្រើនទៅលើវិស័យផ្សេងៗមួយចំនួនដូចជា ហិរញ្ញវត្ថុសាធារណៈ ទីផ្សារមូលបត្រ ធានារ៉ាប់រង មីក្រូហិរញ្ញវត្ថុ
សហគ្រាសខ្នាតតូចនិងមធ្យម និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ៕ ដោយ៖ រតនា