ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានធ្វើឲ្យកាន់តែច្បាស់ហើយសម្រាប់អនាគតអ្នកចាំទី Brad Friedel ហើយ ក្រោយពីបានបន្តកិច្ចសន្យាដល់អ្នកចាំទីជើងចាស់រូបនេះ ដល់ឆ្នាំ២០១៤។
អ្នកចាំទីវ័យ៤១ឆ្នាំ ដែលទើបបាត់បង់តំណែងអ្នកចាំទី ដៃទីមួយទៅឲ្យ Hugo Lloris ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថារូបគេនឹងអាចវិល ត្រលប់ទៅកាន់ក្លិបចាស់ Blackburn វិញ នៅខែមករាខាងមុខនេះ។ យ៉ាងណាមិញ កិច្ចសន្យាថ្មីនេះ បានធ្វើឲ្យប្រាកដថា កីឡាករអន្តរជាតិអាមេរិកដែលផ្ទេរពី Aston Villa មកកាន់ Spurs កាលពីឆ្នាំ២០១១រូបនេះ នឹងនៅ White Hart Lane រហូតដល់ឆ្នាំ២០១៤។
Brad Friedel
អ្នក ចាំទីដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិកបាន ៨២ប្រកួតរូបនេះ បានចូលលេងឲ្យ Spurs បាន៤៩ប្រកួតហើយគិតមកទល់ពេលនេះ។ កំណត់ត្រាមួយដែល Friedel កំពុងតែកាន់ គឺជាកីឡាករមួយដែលអាចជាប់ជម្រើស១១នាក់ដំបូងបានជាង៣០០ប្រកួតជាប់ គ្នានៅ Premier Leauge។ មួយវិញទៀត ក្នុងអាយុ៤១ឆ្នាំនេះ បានធ្វើឲ្យ Friedel ក្លាយជាកីឡាករចាស់ជាងគេដែលកំពុងលេងនៅក្របខ័ណ្ឌនេះផងដែរ។ កំណត់ត្រាកីឡាករចាស់ជាងគេ គឺអតីតអ្នកចាំទីក្រុម Man City កីឡាករ John Burridge នៅឆ្នាំ១៩៩៥ ក្នុងវ័យ៤៣ឆ្នាំ ១៦២ថ្ងៃ។ ប្រសិនបើលេងដល់បញ្ចប់កិច្ចសន្យាថ្មីនាឆ្នាំ២០១៤ អ្នកចាំទីរូបនេះ ក៏នឹងអាចឈានដល់វ័យ៤៣ឆ្នាំដូចគ្នានោះដែរ។
Friedel បានឈានជើងចូលក្របខ័ណ្ឌ Premier League របស់អង់គ្លេស តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ នៅក្នុងក្លិបហង្សក្រហម Liverpool មុនផ្លាស់ទៅ Blackburn បីឆ្នាំក្រោយមក។ ក្រោយបង្ហាញខ្លួនឲ្យ Blackburn បានជាង៣០០ប្រកួត Friedel ត្រូវ Aston Villa ទិញក្នុងតម្លៃខ្លួន ២,៥លានផោននាឆ្នាំ២០០៨ មុនមកកាន់ Spurs ក្នុងឆ្នាំ២០១១៕