ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានរៀបចំការប្រគុំតន្ត្រី ជប៉ុន-អាស៊ាន ដើម្បីគម្រប់ខួបលើកទី៦០ឆ្នាំ នៃ ទំនាក់ទំនងមិត្តភាពរវាងជប៉ុននិង ប្រទេសកម្ពុជា និងអបអរសាទរខួបលើក៤០នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ។
ពិធីប្រគុំតន្ត្រីមួយដែលបានបង្កើតឡើងដោយការច្របាច់បញ្ជូលគ្នា បង្កើតបានជាតន្ត្រី ថ្មីមួយនៃបណ្តាប្រទេស ៦ ដូចជាប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម ថៃ និងជប៉ុនបានចាប់ផ្តើមប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នេះក្រោមវត្តមានអង្គទូតគ្រប់ប្រទេសដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងក្រោមការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ សិស្ស និសិ្សត ជាច្រើនរយនាក់ ។
លោក គូម៉ាម៉ារុ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាមានប្រសាសន៍ថា នេះជាការប្រគុំតន្ត្រីជប៉ុន អាស៊ានដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងប្រទេសកម្ពុជានិងអបអរសាទរខួបលើកទី៤០នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ។
លោកបានបន្តថា សម្រាប់ជប៉ុននិងកម្ពុជាបានភ្ជាប់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ។ ជប៉ុនបានចូលរួម យ៉ាងសកម្មជាមួយកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសនិងប្រជាជនយើងទាំងពីរ ដើម្បីឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍប្រទេស ។ ជាពិសេសរយៈពេល២០ឆ្នាំកន្លងមកនេះ ជប៉ុននិងកម្ពុជាបានស្ថាបនានូវទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ។
ប្រទេសទាំងពីរសព្វថ្ងៃកំពុងពេញចិត្តនិងទំនាក់ទំនងទ្វេភាគីដ៏ខ្លាំងក្លានេះលើគ្រប់វិស័យជាពិសេសផ្នែកនយោបាយសេដ្ឋកិច្ចវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។លោកឯកអគ្គរាជទូតបន្ថែមថា ខ្ញុំមានកិត្តិយសដ៏អស្ចារ្យចំពោះការប្រគុំតន្ត្រីនៅថ្ងៃនេះ ដែលបានផ្តល់ កាសដ៍ល្អដល់ ប្រជាជនរបស់យើងបានរំលឹកឡើងវិញពីប្រវត្តិកាលពី៦០ឆ្នាំមុនដែលបុព្វបុរសបានស្ថាបនាហើយក៏ដូចជាពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពអស់រយៈពេលជាង៦០ឆ្នាំកន្លងមកនេះទាំងកិច្ចសហការទ្វេភាគីនិងក្នុងកិច្ចសហការជប៉ុន- អាស៊ាន ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថានេះជាព្រឹត្តិការណ៍ដ៏មានន័យនិងសារៈសំខាន់សម្រាប់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការចែករំលែកនិងយល់ដឹងនូវវប្បធម៌ពីគ្នាទៅវិញទៅមក។ តន្ត្រីជាភាសារសាកលមួយ ដែលគ្មានព្រំដែន ដែលអាចភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ហើយនាំមនុស្សមកជួប ជុំគ្នាទូទាំងពិភពលោក។ចំពោះឧបករណ៍តន្ត្រីប្រពៃណី និងអ្នកតន្ត្រីល្បីៗមកពីប្រទេសជប៉ុន និងកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងមិត្តភាពក៏ដូចជាកិច្ចសហប្រតិការ បណ្តាប្រទេសអាស៊ានកាន់តែមានភាពជិតស្និតបន្ថែមទៀត ។
លោកស្រីបានបង្ហាញទស្សនៈថា ជាការចាំបាច់ហើយគំាទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីឲ្យជនជាតិបានស្គាល់គ្នាតាម រយៈវប្បធម៌ និងអរិយធម៌របស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ។សូមបញ្ជាក់ថា ការប្រគុំតន្ត្រីនេះមានតន្ត្រីករចំនួន១២នាក់មកពីបណ្តាប្រទេសអាស៊ានដូចជា កម្ពុជា ព្រុយណេ វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងជប៉ុន។
តន្រ្តីករនៃបណ្តាប្រទេសទាំងនេះបានបង្កើតជាតន្ត្រីថ្មីមួយរួមគ្នា តាមរយៈសំលេង ស្គរ រនាថ ខ្លុយ និងឧបករណ៍ភ្លេងពិនពាធនៃបណ្តាប្រទេសរៀងៗខ្លួន ការប្រគុំតន្រ្តីនេះមានរយៈពេលត្រឹម តែ៤សប្តាហ៍ប៉ុណ្ណោះ និងបន្តទៅប្រគុំនៅប្រទេស វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងជប៉ុន ក្នុងគោលបំណងដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការនិងភាពទុកចិត្តគ្នាទៅវិញទៅមក រវាងបណ្តាអាស៊ាន និង ជប៉ុនតាមរយៈការបង្កើតនូវតន្ត្រីថ្មីនេះ៕ ដោយ៖ សស្អាត