បច្ចុប្បន្ននេះ iPhone កំពុងតែទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកចូលចិត្តបច្ចេកវិទ្យាសម័យថ្មី។ អ្វីដែលធ្វើឲ្យប្រិយមិត្ត iPhone ជាប់ចិត្តនឹងទូរស័ព្ទមួយនេះ គឺដោយសារតែវាបានរចនាឡើងចេញពីឧបករណ៍ ៣ សំខាន់ៗ មានដូចជា មុខងារជា iPod ជាទូរស័ព្ទដៃ និងឧបករណ៍សម្រាប់ទំនាក់ទំនងទៅ Internet។ ប្រិយមិត្តដឹងទេ តើ iPhone លេខមុខតាំងពីណាមក ?
ថ្ងៃ អង្គារ ទី៩ ខែមករា ឆ្នាំ២០០៧ នៅរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ ប្រទេសអាមេរិក ជាថ្ងៃដែល iPhone ចាប់ផ្ដើមចេញមុខលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Steve Jobs អតីត នាយកប្រតិបត្តិ Apple បានថ្លែងថា ៖“ ថ្ងៃនេះ យើងនឹងបង្ហាញផលិតផល ៣ ។ ទី១ ជា iPod មានអេក្រង់ Wide screen ដែលមានបច្ចេកវិទ្យា Touch Control ។ ទី ២ ជា Revolutionary mobile phone និងទី ៣ ជា Breakthrough internet communicator ” ។
Steve Jobs បង្កភាពភ្ញាក់ផ្អើលនៅថ្ងៃ iPhone លេខមុខលើកដំបូង
អារម្មណ៍អ្នកដែលបានចូលរួមទស្សនាបទបង្ហាញរបស់ Apple នៅក្នុងថ្ងៃនោះ នាំគ្នាផ្ដោតអារម្មណ៍ និងគិតថា តើឧបករណ៍ទាំង ៣ នោះមានអ្វីពិសេសខ្លះ ជាងផលិត Apple ជំនាន់ មុន ? ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនោះគឺ ឧបករណ៍ទាំង ៣ ដែលគ្រប់គ្នាកំពុងតែរង់ចាំមើលនោះ បែរជារួមបញ្ចូលគ្នាតែមួយទៅវិញ ។
“វាមិនមែនជាឧបករណ៍ ៣ ផ្សេងគ្នានោះទេ នេះជាឧបករណ៍តែមួយប៉ុណ្ណោះ ហើយយើងឲ្យឈ្មោះវាថា iPhone ” Steve Jobs បានបន្លឺឡើងនៅពេលនោះ ។ ចាប់តាំងពីថ្ងៃ iPhone លេចមុខឡើងក្នុងថ្ងៃនោះមក ទីផ្សារ និងមុខងារ Smart-Phone នានាដែលមានលើពិភពលោកយើងនេះ រីកចម្រើនជាលំដាប់រហូតមកដល់សព្វថ្ងៃនេះ។ ចង់ចាំ iPhone កុំភ្លេចចងចាំបុរសម្នាក់ដែលបានកែប្រែប្រវត្តិសាស្ត្រទីផ្សារ Smart-Phone គឺ Steve Jobs ៕