ភ្នំពេញៈ ប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះបីជាជនដៃដល់ក្នុងសកម្មភាពលួចកោដ្ឋសម្រាប់តម្កល់ ព្រះសារីរិកធាតុ យ៉ាងហោចណាស់២នាក់ ត្រូវបានចាប់ខ្លូនហើយក្ដី ក៏សំណុំរឿងនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានថ្លែងក្នុងសន្និសទីសារព័ត៌មានជាមួយក្រុមអ្នកកាសែតកាលពីព្រឹកថ្ងៃទី ១០ កុម្ភៈ នេះថា ការចាប់ខ្លួនជនសង្ស័យចំនួន២នាក់នោះ គឺគ្រាន់តែជាលទ្ធផល ជំហានដំបូងប៉ុណ្ណោះ។ ហើយបច្ចុប្បន្នដោយសារតែមានតម្រុយខ្លះៗ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងបន្តស្វែងរកចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។
កោដ្ឋសម្រាប់ដាក់ព្រះសារីរិកធាតុ ត្រូវបានជនសង្ស័យលួចយកពីព្រះសក្យមុនីចេតិយ៍ ដែលមានទីតាំងនៅលើភ្នំព្រះរាជទ្រព្យ ហៅភ្នំឧត្តង្គ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។ អស់រយៈពេលជិត២ខែ សមត្ថកិច្ចទើបបានរកឃើញមកវិញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅឯស្រុកទ្រាំងខេត្តតាកែវ។ដោយក្នុងនោះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ទី១.ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជាជនដៃដល់ និងទី២.ឈ្មោះ សៀក សារ៉េត ភេទស្រីជាអ្នកផ្សំគំនិត។
បើតាមលោក ម៉ក់ ជីតូ ថា ដំបូងឡើយជនសង្ស័យឈ្មោះ កែវ រស្មី បានឃើញព្រះកោដ្ឋដាក់ព្រះសារីរិកធាតុ ខណៈដែលអតីតព្រះមហាវីរក្សត្រ បានយកទៅតម្កល់នៅលើកំពូលភ្នំព្រះរាជទ្រព្យ ។ ហើយក្រោយមកគេក៏បានមកមើលផ្លូវ និងទីតាំង។ ក្រោយមកនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង២រសៀល ជនសង្ស័យបានជិះម៉ូតូពីខេត្តតាកែវ មកដល់ភ្នំព្រះរាជទ្រព្យ នៅវេលាម៉ោង៧ល្ងាច ហើយបានធ្វើសកម្មភាព ឡើងទៅលើភ្នំនៅវេលាម៉ោង៩យប់ តាមជណ្តើរខាងជើង ខណៈឆ្មាំយាមកំពុងមើលទូរទស្សន៍ និងពិសារអាហារ រួចក៏បានលួចយក ព្រះសុវណ្ណកោដ្ឋ និងព្រះបដិមាករមាសដាំពេជ្រ ចំនួន២ព្រះអង្គ រួចហើយធ្វើដំណើរទៅដល់ខេត្តតាកែវវិញ នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា បានបញ្ជាក់ឲ្យដឹងថា នៅពេលដែលចៅក្រម ស៊ើបសួរបើកការស៊ើបអង្កេត រកឃើញភស្តុតាង ដាក់បន្ទុកគ្រប់គ្រាន់នោះ ជនសង្ស័យ កែវ រស្មី អាចប្រឈមនឹងការផ្តន្ទាទោស តាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាគារ រយៈពេលពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំប៉ុន្តែអាស្រ័យលើការសម្រេចរបស់ចៅក្រមជំនុំជម្រះ។
លោក ចៅក្រម បានពន្យល់បន្តថា តាមច្បាប់ នីតិវីធីនៃការស៊ើបសួរ របស់ចៅក្រមស៊ើបសួរ ក្នុងករណី នេះគឺមានរយៈពេលនៃការឃុំខ្លួន ជនជាប់ចោទបណ្តោះអាសន្ន ក្នុងពន្ធនាគារ រយៈពេលដល់ទៅ ១៨ ខែ សម្រាប់ចៅក្រមធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាង ទើបបញ្ជូនរឿង ទៅឲ្យចៅក្រមជំនុំជម្រះពិនិត្យឯកសារនិងភស្តុតាងហើយកំណត់ថ្ងៃបើកសវនាការជំនុំជម្រះទោសជនសង្ស័យ ទៅតាមបទល្មើស ដែលបានចែងក្នុង មាត្រា ៣៥៧នៃក្រមព្រហ្មទណ្ឌ។
ចំពោះឆ្មាំសក្យមុនីចេតីយ នៅលើកំពូលភ្នំព្រះរាជទ្រព្យ ចំនួន៥នាក់ ដែលត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៣ ពីបទសង្ស័យលួចព្រះបរម សារីរិកធាតុនោះ ក៏ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូខេត្តកណ្តាល ចោទប្រកាន់ពីបទលួចមាន ស្ថានទម្ងន់ទោស យោងតាមតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌផងដែរ ដែលសមត្ថកិច្ចសង្ស័យ ថា មានការពាក់ព័ន្ធនឹងជនសង្ស័យ កែវ រស្មី នោះដែរ។
ដោយមើលទៅឃើញថា កោដ្ឋដាក់សារីរិកធាតុ មិនមែនជាមាសទាំងអស់ ជនសង្ស័យក៏បកបានមាសចំនួន៣តម្លឹងយកទៅលក់ រួចទិញម៉ូតូថ្មីមួយគ្រឿង និងបន្ទាប់មកក៏រំលាយព្រះពុទ្ធរូបយកទៅលក់ចំនួន១០តម្លឹងទៀត យកទៅទិញឡានតម្លៃជាង២ម៉ឺនដុល្លារ និងសាងសង់ផ្ទះមួយខ្នងតម្លៃ១ម៉ឺនដុល្លារ។
លោក ម៉ក់ ជីតូ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារចំនួន៣លើករួចមកហើយ ពាក់ព័ន្ធការលួចគោប្រជាពលរដ្ឋ និងបុកមនុស្សស្លាប់ ហើយក្នុងប្រតិបត្តិការចុះចាប់ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏បានរកឃើញផងដែរនូវព្រះពុទ្ធរូបមួយចំនួន ដូចជាព្រះពុទ្ធនាងខ្មៅ ដែលបានបាត់ពីវត្តព្រៃសិទ្ធ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៣ និងកេសលុយ ដែលបានបាត់ពីវត្តព្រៃរុន៕
ដោយ៖ ភីន រ៉ា