ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ២៨នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន៧៣.៦១៦គ្រួសារ ដែលបានរងគ្រោះស្លាប់ដោយសារទឹកជំនន់នៅកម្ពុជាចាប់តាំងពីដើមខែកញ្ញារហូតមកដល់បច្ចុប្បន្ននេះ។បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ បានឱ្យដឹងថា រហូតមកដល់ពេលនេះ គ្រោះ ធម្មជាតិទឹកជំនន់បានសម្លាប់មនុស្សចំនួន៨នាក់ ក្នុងចំនោមប្រជាពលរដ្ឋច្រើនជាង៧ម៉ឺនគ្រួសារ ក្នុង មនុស្សចំនួន៨.០៤១គ្រួសារត្រូវបានអាជ្ញាធរជម្លៀសចេញទៅរកទីទួលមានសុវត្ថិភាព ខណៈដែលខេត្ដមួយចំនួននៅតែបន្ដរងការវាយលុកដោយសារព្យុះភ្លៀងទឹកជំនន់។
នៅក្នុងរបាយការណ៍ដដែលនេះបានបន្ថែមថា ក្នុងប្រទេសកម្ពុជា ចំពោះខេត្តដែលបានរងគ្រោះដោយសារគ្រោះទឹកជំនន់មានខេត្ដព្រះវិហារ បន្ទាយមានជ័យ, សៀមរាប, ឧត្ដរ មានជ័យ, កំពង់ចាម, ក្រចេះ, ស្ទឹង ត្រែង, ព្រៃវែង, កណ្ដាល, ព្រះសីហនុ, រតនគិរី និងរាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន៦១ និងឃុំចំនួន ២៥៩ ក្នុងចំណោមបណ្ដាខេត្ដ-ក្រុង ដែលបានទទួលរងការវាយប្រហារពីគ្រោះទឹកជំនន់នាពេលនេះ ហើយក្នុងនោះមានផ្ទះរបស់ប្រជាជនចំនួន៦២.៤៩៩ខ្នង បានរងផលប៉ះពាល់និងធ្វើឱ្យផ្ទះ២៤ខ្នងទៀតបានខូចខាតនិងធ្វើឱ្យមនុស្ស២៨នាក់បាត់បង់ជីវិត ប៉ុន្ដែមិនមានមនុស្សណាម្នាក់រង របួសនោះទេ។ ជាមួយគ្នានេះ មានសាលារៀនចំនួន៣៨៥ខ្នង វត្ដអារាម២៤៥ និងមន្ទីរពេទ្យ១៧ត្រូវបានរងផលប៉ះពាល់លិចទឹកផងដែរ រឺឯសត្វពាហនៈចំនួន១៧.១៧៧ក្បាល ត្រូវបានអាជ្ញាធរជម្លៀសចេញទៅរកទីទួលមានសុវត្ថិភាព។
គ្រោះទឹកជំនន់បានធ្វើឲ្យសន្ទូងប្រមាណ៨០.៧២៤ហិកតារងផលប៉ះពាល់។ ចំពោះសំណាបដែលបានខូចខាតមានប្រមាណ៣៥៧ហិកតា និងរងផលប៉ះពាល់ដំណាំផ្សេងៗទៀតចំនួន៣.៦៧០ហិតា។ ដោយ៖ អភិរក្ស