ភ្នំពេញ៖ បើគិតទៅវាយមានរយៈពេលប្រមាណជា៩ថ្ងៃមកហើយ ក្នុងការស្វែងរកកោដ្ឋមាសនិងព្រះសារីរិកធាតុ ដែលចោរបានគាស់ពីបន្ទប់ព្រះសក្យមុនីចេតីយ៍ នៅតែស្ថិតក្នុងភាពងងឹត បើទោះបីជាមានការចាប់ខ្លួន ជនសង្ស័យ ៥នាក់រួចមកហើយក្តី។ កោដ្ឋមាសដែលតំកល់ព្រះសារីរិកធាតុ គឺជាអំណោយដ៏ថ្លៃថ្លា របស់ប្រទេសសិរីលង្កា ថ្វាយ ជូនអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការបាត់វត្ថុដ៏កម្រមាននេះ គេបានទម្លាក់កំហុសតៗគ្នាពីថ្នាក់លើ- ដល់ថ្នាក់ក្រោម ដែលជាចេតនាគេចវេះស្ថានការណ៍យករួចខ្លួន ។
ការធ្វេសប្រហែសបែបនេះ វាថែមទាំងធ្វើឱ្យបាត់បង់នូវវត្ថុមានតម្លៃមួយចំនួនផ្សេងទៀតដូចជា៖ ចម្លាក់ព្រះពុទ្ធប្ប ដិមាធ្វើអំពីមាសមួយចំនួនក៏បានបាត់ដែរ។ យោងតាមសេចក្តីរាយការណ៍មួយបានឱ្យប្រាប់ដឹងថា នៅក្នុងពេល ដែលកំពុងស្វែងរកនេះ មានបទបញ្ជាដាក់ចេញអោយសមត្ថកិច្ចធ្វើការស៊ើបអង្កេតទូទាំងប្រទេស ស្វែងរក វត្ថុមាន តម្លៃដែលបាត់បង់និងតាមរកមនុស្សសង្ស័យដទៃទៀតដែលជាប់ពាក់ព័ន្ធ។
ជាក់ស្តែង ក្រុមសមត្ថកិច្ចជំនាញពូកែៗដែលមានថ្វីដៃ ត្រូវបានគេពង្រាយតាមមុខព្រួញ ដើម្បីស្វែងរក ព័ត៌មាន …គ្រាដែលក្រុមជំនាញត្រូវបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតាមរកព្រះសារីរិកធាតុ និងកោដ្ឋមាស ដែលចោរ បានចូលគាស់លួចយកកាលពីទាបភ្លឺថ្ងៃទី១០ ធ្នូ ២០១៣ កន្លងមកនេះ។
ក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសដែលទើបបញ្ចប់កាលពី១៨ ធ្នូ ក៏បានលើកអំពីបញ្ហាបាត់កោដ្ឋមាស និងព្រះសារីរិកធាតុនោះផងដែរ និងមហាសន្និបាតមន្ត្រីសង្ឃត្រូវគេរាយការណ៍ថា បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា រាជរដ្ឋាភិបាលត្រូវមានការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីតាមស្វែងរកមកវិញនូវព្រះសារីរិកធាតុ និងការវែកមុខជនល្មើសដើម្បីដាក់ទោសតាមច្បាប់ឱ្យខានតែ បាន៕ ដោយ ៖ ភីនរ៉ា