ភ្នំពេញ៖ អ្នកភូមិបឹងកក់ប្រមាណជាង៦០គ្រួសារទំនងជាអាចទទួលយកបានប្លង់កម្មសិទ្ធដីធ្លីអភិវឌ្ឍនៅ
នឹងកន្លែងហើយ។សញ្ញានៃស្ថានភាពធូរស្រាល នេះ គឺបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស
បានចុះជាក់ស្តែងដល់តំបន់បឹងកក់ផ្ទាល់កាលព្រឹកថ្ងៃទី២៣ កក្កដានេះ។ មន្រ្តីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ
អះអាងថា នឹងមានដំណោះស្រាយនាពេលខាងមុខនេះ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ាសុជាតិវង្ស បានដឹកនាំមន្ត្រីសាលារាជធានីភ្នំពេញជាច្រើននាក់បាន
ចំណាយពេលជិតមួយព្រឹកចុះពិនិត្យតំបន់បឹងកក់ផ្ទាល់។នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអភិបាល
រាជធានីបានថ្លែងប្រាប់អ្នកប្រជាពលរដ្ឋដោយផ្ទាល់ថាសាលារាជធានីភ្នំពេញត្រូវការពិភាក្សាជាមួយក្រុម
ហ៊ុនអភិវឌ្ឍន៍បឹងកក់ និងអាជ្ញាធរសុរិយោដី ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងតំបន់បឹងកក់
នេះ។
លោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅតំបន់បឹងកកក្រោយ
ការចុះពិនិត្យថាការចុះត្រួតពិនិត្យរបស់អភិបាលក្រុងភ្នំពេញនេះគឺជាដំណាក់កាលឈានទៅមុខមួយទៀត
ហើយដើម្បីឈានទៅបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងតំបន់បឹងកក់។ លោកឡុង ឌីម៉ង់ អះអាងថានៅមាន
ប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារផ្សេងទៀតមកពីភូមិចំនួន៤ គឺភូមិ២២ ភូមិ ៦ ភូមិ ២៤ និងភូមិ១ ដែល
សាលាក្រុងកំពុងតែពិនិត្យដោះស្រាយ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាសាលារាជធានីភ្នំពេញកំពុងតែព្យាយាមដោះស្រាយបញ្ហានេះយ៉ាងយក
ចិត្តទុកដាក់ហើយប្រជាពលរដ្ឋបឹងកក់អាចនឹងទទួលបានប្លង់កម្មសិទ្ធដីធ្លីរបស់ខ្លួននាពេលឆាប់ៗនេះដែរ
ព្រោះលោកអភិបាលរាជធានីគឺចង់ដោះស្រាយបញ្ហានេះក្នុងពេលឆាប់។ តែទោះជាយ៉ាងណា លោកមិនបាន
បញ្ជាក់ពីពេលវេលាថា នឹងដោះស្រាយមុនការបោះឆ្នោតថ្ងៃទី២៨កក្កដាខាងមុខឬយ៉ាងណានោះទេ។
ចំពោះការចុះពិនិត្យតំបន់បឹងកក់របស់អភិបាលរាជធានីនៅថ្ងៃនេះ សកម្មជនតវ៉ាដីធ្លីស្វិតស្វាញនៅបឹងកក់
ម្នាក់ លោក ដួងគា បាននិយាយដោយសង្ឃឹមថាអ្នកភូមិបឹងកក់ទាំងអស់នឹងទទួលបានប្លង់កម្មសិទ្ធដីធ្លី
របស់ខ្លួនព្រោះនេះជាការសន្យារបស់អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា ទំនាស់ដីធ្លីនៅតំបន់បឹងកក់បានក្លាយជាជំងឺដីធ្លីយូជាងគេនៅកណ្តាលក្រុងភ្នំពេញបន្ទាប់ពីក្រុម
ហ៊ុនអភិវឌ្ឍន៍ ស៊ូកាគូអ៊ីន បានចាប់ផ្តើមបូបខ្សាច់ចាក់បំពេញតំបន់បឹងកក់ដើម្បីអភិវឌ្ឍន៍ទីក្រុង។ ហើយប្រជា
ពលរដ្ឋរាប់រយគ្រួសារក៏បានចាប់ផ្តើមចេញធ្វើបាតុកម្មតវ៉ាដែលបណ្តាលឱ្យមានការប៉ះទង្គិចរវាងអាជ្ញាធរ
រាជធានីភ្នំពេញនិងប្រជាពលរដ្ឋជាញឹកញាប់ ។ យ៉ាងណាក៏ដោយអភិបាលរាជធានីភ្នំពេញថ្មី ក្នុងថ្ងៃទទួល
តំណែងបានសន្យាថានឹងដោះស្រាយបញ្ហាដែលនៅសេសសល់ នៅតំបន់បឹងកក់ បូរីកីឡានិងសហគមន៍
ថ្មគោល។ ការចុះត្រួតពិនិត្យដល់កន្លែងថ្ងៃនេះ គឺទំនងជាបញ្ជាក់ពីកាសន្យារបស់លោក។ ប៉ុន្តែគេមិនទាន់
ដឹងថា បញ្ហានេះនឹងត្រូវដោះស្រាយនៅពេលណាច្បាស់លាស់នោះទេ៕
ដោយ៖ ស.ស្អាត