ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១៩១,៩៤លានដុល្លារអាមេរិក ស្មើនឹង១៩,៣១ភាគរយក្នុងត្រីមាសទី១ដើមឆ្នាំ២០១៤ គិតត្រឹមសប្តាហ៍ទី៣នៃខែមិនា។ យោងតាមលទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០១៤គិតត្រឹមសប្តាហ៍ទី៣នៃខែមិនា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១៩១,៩៤លានដុល្លារអាមេរិក ស្មើនឹង១៩,៣១ភាគរយនៃផែនការកំណត់ដោយច្បាប់។ដោយរដូវកាលនៃការប្រកាសបង់ពន្ធខាងលើប្រាក់ចំណេញមិនទាន់បានបិទបញ្ចប់នៅឡើយ អគ្គនាយកដ្ឋានពន្ធដា រំពឹងថា ចំណូលពន្ធនឹងមានការកើនឡើង នៅក្រោយការបិទបញ្ចប់នៃការប្រមូលពន្ធលើប្រាក់ចំណេញ នាដំណាច់ខែមិនានេះ។
ចូលរួមជាអធិបតីនៃកិច្ចប្រចាំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំត្រីមាសទី១ឆ្នាំ២០១៤នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ និង មន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ក្នុងការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ត្រីមាសទី១ឆ្នាំ២០១៤។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារបានចាប់យករបត់ថ្មីមួយ ដែលធ្វើឱ្យស្ថានភាពនៃការពង្រឹងរដ្ឋបាលសារពើពន្ធ និងគោលនយោបាយសារពើរពន្ធ ត្រូវផ្លាស់ប្តូរផងដែរ។ស្ថិតក្នុងបរិបទនេះ ការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីពន្ធដារ ព្រមទាំងការរៀបចំបង្កើតនិងបំពេញបន្ថែមនូវរាល់លិខិតបទដ្ឋានគតិយុត្តិនានា ត្រូវបានធ្វើឡើង ក្នុងបំណងធ្វើយ៉ាងណាឱ្យនីតិវិធីនៃការប្រមូលពន្ធប្រព្រឹត្តិទៅដោយរលូន ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់និងការបង្កើតនូវបរិយាកាសប្រកួតប្រជែងដោយស្នើភាពគ្នាចំពោះគ្រប់ធុរជន។
យ៉ាងណាក៏ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំបន្ថែមទៀតឱ្យមន្ត្រី ពន្ធដារគ្រប់ លំដាប់ថ្នាក់ ឱ្យខិតខំពង្រឹងការអនុវត្តច្បាប់ វិស័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាមូលដ្ឋាន ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ដោយធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនរដ្ឋ៕
ដោយ៖ រតនា