ភ្នំពេញ៖ ស្របតាមការចង់បានរបស់ម្ចាស់ក្រុមហ៊ុន Architect Desa Paris នៃប្រទេសអារ៉ាប់ រដ្ឋមន្ត្រីក្រសួងការ ងារ លោកអ៊ិត សំហេង បានស្នើឲ្យម្ចាស់ក្រុមហ៊ុនខាងលើនេះ ត្រូវមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរជាមុនសិន ទើបមានការអនុញ្ញាត្តិឲ្យបញ្ជូនពលករកម្ពុជាទៅប្រទេសអារ៉ាប់។
ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា លោក Kamal J. Agostine អគ្គនាយកក្រុមហ៊ុន Architect Desa Paris បានមានបំណងបង្កើតក្រុមហ៊ុននាំចេញពលករកម្ពុជាទៅបំរើការងារនៅប្រទេសអារ៉ាប់រួម ព្រោះវាអាចជាចំណុចចាប់ផ្តើមមួយដ៏ល្អ ដែលនាំឱ្យ ប្រទេសកម្ពុជា និងប្រទេសអារ៉ាប់រួមមានឱកាសបានពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការ អភិវឌ្ឍរួមគ្នាមួយនាពេលអនាគត។
លោក Kamal J. Agostineបានថ្លែងអំណរគុណចំពោះការស្វាគមយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីផងដែរ និងបានជម្រាបជូនឱ្យដឹងថា រូបលោកពិតជាមានបំណងចង់បើកក្រុមហ៊ុនឯកជនមួយនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម សម្រាប់ជួយសម្របសម្រួលការនាំចេញពលករកម្ពុជាទៅបំរើការងារនៅប្រទេសអារ៉ាប់រួមនាពេលខាងមុខ។ លោកក៏បានបញ្ជាក់ថា វាទំនងមានភាពងាយស្រួលជាងនឹងមាន ផល ចំណេញសម្រាប់ប្រទេសទាំងពីរ ព្រោះរូបលោកជាជនជាតិអារ៉ាប់ ដែលមានសញ្ជាតិកម្ពុជា។
លោក Kamal J. Agostine បានបន្តថា លក្ខណ្ឌការងារមួយចំនួននៅអារ៉ាប់ ថាមានលក្ខណ្ឌល្អប្រសើរ ដោយពលករអាចទទួលបានប្រាក់ឈ្នួលចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ និងមានការធានារ៉ាប់រងគ្រោះថ្នាក់ការងារផ្តល់អាហារ និងកន្លែងស្នាក់នៅជាដើម។ លោក Kamal J. Agostine ក៏បានឱ្យដឹងថា រូបលោកផ្ទាល់ធ្លាប់បានជួបសម្តីជាមួយលោករដ្ឋមន្រ្តីការងារ ប្រទេសអារ៉ាប់ ដែលធ្លាប់បានបង្ហើបប្រាប់រូបលោកថា អារ៉ាប់បើកឱ្យមានការនាំចូលពលករ ពីបណ្តាប្រទេសនានា ហើយវាជាការពិសេសសម្រាប់រូបលោកKamal J. Agostineដែលជាជនជាតិអារ៉ាប់មានសញ្ជាតិកម្ពុជាស្រាប់ គួរតែគិតគូពីការនាំចេញពលករកម្ពុជាឱ្យមកបំរើ ការងារនៅអារ៉ាប់។
ដោយ៖ អភិរក្ស