ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រទេសស្វីសតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍ ហៅកាត់ថា SDC របស់ខ្លួនប្រចាំនៅក្នុងប្រទេសកម្ពុជា បានបង្កើននូវទំហំហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ នៃកម្មវិធីរបស់ ទីភ្នាក់ងារមួយនេះ លើគម្រោងចំនួនបួន ដោយសហការជាមួយដៃគូអភិវឌ្ឍផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Franziska Freiburghaus ប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកអាស៊ីបូពា៍នៃទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍ នៃប្រទេសស្វីស កាលពីថ្ងៃទី២៤ មីនា នៅទីស្តីការក្រសួង លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ថវិកាគម្រោងរបស់ស្វីស និងដៃគូអភិវឌ្ឍ ផ្សេងទៀត សរុបប្រមាណ២១លានដុល្លារសហរដ្ឋអាមេរិក។ រាល់ទំហំហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានឆ្លើយតប ទៅនិងតម្រូវការចាំបាច់ នាពេលបច្ចុប្បន្នរបស់កម្ពុជា ដែលផ្តោតសំខាន់ៗលើវិស័យ សុខាភិបាល កសិកម្ម អប់រំ និងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងសមភាពយេនឌ័រជាដើម។
លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សដែលជាអាទិភាពចំបងមួយរបស់រាជរដ្ឋាភិបាល ដូចដែលបានរំលេចនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣នេះ ក្នុងការបណ្តុះបណ្តាលបំពាក់ជំនាញដល់យុវជនកម្ពុជា ដែលអាចឆ្លើយតបនិងតម្រូវជាក់ស្តែង របស់ទីផ្សារនៅក្នុងប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់ ដែលកម្ពុជានឹងចូលរួម នៅ ក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខនេះ។
លោកស្រី Franziska Freiburghaus បានមានប្រសាសន៍ថា គោលបំណងចំបងរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជានៅ ពេលនេះ គឺចង់បកស្រាយពីកម្មវិធីនៃការរៀបចំផែនការផ្តល់ហិរញ្ញប្បទាន របស់ប្រទេសស្វីសសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
លោកស្រី ក៏បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសស្វីស បានចាត់ទុកប្រទេសក្នុងតំបន់មេគង្គ ជាគោលដៅអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃប្រទេសស្វីស ចាប់តាំងពីឆ្នាំ១៩៩៥ ហើយទំហំនៃការរួមចំណែក នៃទីភ្នាក់ងារនេះ ក្នុងតំបន់នេះបានកើនឡើងពី៦៤លានហ្រ្វង់ស្វីស ក្នុងឆ្នាំ២០១២ ទៅប្រមាណ១១៥លានហ្រ្វង់ស្វីសក្នុងឆ្នាំ ២០១៦ ដែលផ្តោតជាសំខាន់ទៅលើវិស័យអាទិភាពចំនួនបួន គឺ អភិបាលកិច្ចមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ, វិស័យកសិកម្ម និងសន្តិសុខស្បៀង, ការងារ និងជំនាញ ,និងការអភិវឌ្ឍ និងពាណិជ្ជកម្ម៕ ដោយ៖ រតនា