ភ្នំពេញ៖ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោកឲ្យដឹងថាការយល់ដឹងនិងគោរព ច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទៀបនៅឡើយ ហើយថាចំនួនករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង។
បើនិយាយពីចំនួនមនុស្សស្លាប់ និងរបួសដោយសារគ្រោះថា្នក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាអាចនឹងកើតដល់៣២០០នាក់ក្នុងឆ្នាំ២០២០ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការឲ្យបានតឹងរឹតលើការអនុវត្តន៍ច្បាប់ចរាចរណ៍។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក ដែលចេញផ្សាយក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គោលនយោបាយនៃការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង» នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា ២០១៣នេះ សណ្ឋាគារកាំបូឌីយ៉ាណា។
របាយការណ៍ដដែលបានធ្វើការវាយតម្លៃពីស្ថានភាពនៃការគោរពច្បាប់ចរាចរណ៍ក្នុងប្រទេសកម្ពុជាថា មាននៅមានកម្រិតទាប ដោយហេតុថាពីមួយឆ្នាំទៅមួយឆ្នាំចំនួនករណីនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសមួយនេះមិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះឡើយ។ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។
ដោយឡែក សម្រាប់ក្នុងឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យកម្ពុជាខាតបង់ប្រាក់ជាង៣២០លានដុល្លារសហរដ្ឋអាម៉េរិក។ របាយការណ៍ដដែលឲ្យដឹងទៀតថា ៦៨%នៃអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍គឺដោយសាររងរបួសក្បាល។ ក្នុងនោះដែរ ១៣%នៃអ្នកស្លាប់ បានបាត់បង់ជីវិតដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
លោក ពៅ ម៉ាលី អគ្គនាយករងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា លោកអបអរសាទរចំពោះការបង្កើតសិក្ខាសាលាថ្នាក់ជាតិនេះ។ លោកក៏បានទទួលស្គាល់ថាការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលបង្ហាញពីការអូសទាញប្រជាពលរដ្ឋ និងជាពិសេសក្រុមយុវវ័យរបស់ក្រុមហ៊ុនស្រានិងស្រាបៀរដ៏ច្រើនស្អេកស្កាស់តាមប្រព័ន្ធផ្សព្វផ្សាយបានកំពុងក្លាយជាបញ្ហាចំបងមួយ។ជាមួយគ្នានោះដែរ នាយកនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ គឺលោក ណែប ស៊ីនថៃ ថ្លែងឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាហាក់មិនទាន់ផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់សម្រាប់ការផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តិច្បាប់ចរាចរណ៍។ សូម្បីធ្វើស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវនៅតាមទីប្រជុំជនតាម ជនបទ គឺថាអត់មានទេ។ មន្ត្រីអនុវត្តិច្បាប់ប៉ូលិសហ្នឹង គឺគាត់ថាកុំថាឡើយរឿងស្លាកសញ្ញាសូម្បីសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមដងផ្លូវក៏អត់មានដែរ។
តំណាងម្ចាស់ជំនួយ និងសុវត្តិភាពផ្លូវគោក (Road Safety Grant Programme) គឺលោក រ៉ាអ៊ូល ផូលូស្គី (Raoul Powloski) ថ្លែងដែរថា មរណភាព និងការរងរបួសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យមានផល ប៉ះពាល់ដល់សេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍន៍ប្រទេស។លោកបន្ថែមថាជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់មនុស្សប្រហែល១លាន២សែន ៤ម៉ឺននាក់ បានស្លាប់ និងពី ២០ ទៅ ៥០ លាននាក់ផ្សេងទៀត បានរងរបួសទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហើយ៩០%នៃគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងក្នុងប្រទេសកំពុងអភិវឌ្ឍន៍។សូមរំលឹកដែរថា បើតាមយោងគិតមកត្រឹមខែកញ្ញា ឆ្នាំ២០១៣នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងទូទាំងប្រទេសកម្ពុជាមានជាង៣៣០៦ករណីបណ្តាលឲ្យមានមនុស្សស្លាប់សរុប១៥១៩នាក់៕ ដោយ៖ មករា