ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអាមេរិកក្រសួងរតនាគារអាមេរិកដែលមានជំនាញក្នុងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីកម្ពុជា។ សំណើររបស់កម្ពុជាធ្វើឡើងក្នុងជំនួបមួយ រវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Daniel Glaser ជំនួយការលេខាធិការទទួលបន្ទុកហិរញ្ញប្បទានភេរវកម្ម នៃក្រសួងរតនាគារអាមេរិកកាលពីថ្ងៃម្សិលមិញ។លោក Daniel Glaser បានទទួលយកសំណើរនេះ ហើយសន្យាថា ក្រសួងរតនាគារអាមរិកនឹងពិនិត្យមើលលទ្ធភាពផ្តល់ជំនួយបចេ្ចកទេសជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាពដល់មន្ត្រីក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព លើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា វិស័យហិរញ្ញវត្ថុ រួមមាន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ គឺជាវិស័យមួយមានប្រវត្តិ និងការប្រឈមជាច្រើន ដែលទាមទារឱ្យមានការពង្រឹងការអភិវឌ្ឍន៍ទាំងស្ថាប័ន ធនធានមនុស្ស និងភាពជឿទុកចិត្តនៃទីផ្សារ។
គណៈរដ្ឋមន្ត្រីកម្ពុជាទើបនឹងពិនិត្យនិងពិភាក្សា អំពីសេចក្តីព្រាង អនុក្រឹត្យស្តីពី ការបង្កកទ្រព្យ របស់ភេរវករ និងអង្គការនានានាពេលថ្មីៗនេះ។យ៉ាងណាក៏ដោយ ក្រសួងរតនាគារអាមេរិកបានធ្វើការវាយតម្លៃខ្ពស់រួចជាស្រេចទៅហើយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមបទដ្ឋានអន្តរជាតិ និងអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ ក្នុងនាមកម្ពុជាជាសមាជិករបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក និងអង្គការសហប្រជាជាតិ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ក្នុងតួនាទីជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការប្រឆាំងការសម្អាតប្រាក់ កម្ពុជាបានធ្វើកិច្ចការជាច្រើន ដូចជា បង្កើតឱ្យមានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងដាក់ឱ្យអនុវត្តប្រកាសនានាស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ជាពិសេសនាពេលថ្មីៗកន្លងទៅនេះ ដើម្បីអនុវត្តន៍ការងារឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កម្ពុជាបានអនុម័តលើអនុក្រឹត្យស្តីពីការបង្កកទ្រព្យមូលនិធិរបស់ភេរវករ និងអង្គការភេរវកម្មនានាផងដែរ។
ដោយ៖ រតនា