ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយព្រមានចាត់វិធានការមិនរើសមុខចំពោះមន្ត្រីអង្គភាពណាក៏ដោយ អោយតែមានភស្តុតាងពីបទពុករលួយគ្រប់គ្រាន់ ប៉ុន្តែបដិសេធមិនចាត់ការរាល់ពាក្យបណ្តឹងទាំងឡាយណា ដែលមានភាពមិនច្បាស់លាស់ដោយគ្រាន់តែមានការសរសេរចោទប្រកាន់បន្តិចបន្តួចលើបណ្តាញFacebook ជាដើមនោះទេ ។ លោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងនៅ ចំពោះមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិថា អង្គភាពរបស់លោកចាត់វិធានការមិនរើសមុខ ចំពោះបុគ្គលគ្រប់រូបមិនថាអ្នកធំអ្នកតូចនោះទេអោយតែមានភស្តុតាងគ្រប់គ្រាន់ថា បានប្រព្រឹត្តិអំពើពុករលួយ ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃនិងត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី០៩ខែតុលា លោក ឱម យិនទៀង បានលើកឡើងថា ការចាប់មនុស្សម្នាក់ដាក់គុកមិនមែន សំអាងតែលើការចោទប្រកាន់ដោយគ្រាន់តែសរសេរពីរបីបន្ទាត់បង្ហោះលើFacebookនោះទេទាមទារអោយ មានការស៊ើបអង្កេតត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុត។លោកថា«ខ្ញុំបាននិយាយហើយនិយាយទៀតថាខ្ញុំមិន
ដែលបានដៅទៅអ្នកនេះទៅអ្នកនោះដូច TI(អង្គការតម្លាភាព) អន្តរជាតិ ដូច NGOថា អ្នកនេះច្រើនអ្នកនោះ
តិចនោះទេអ្វីដែលយើងធ្វើគឺអ្វីដែលមានភស្តុតាងពេញកន្រ្តកមុនយើងធ្វើអ្នកនឹងយើងមិនអាចធ្វើដោយ គ្រាន់តែមានភស្តុតាងកន្លះកន្ត្រកទេ» ។
អង្គភាពប្រឆាំងអំពើពុករលួយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបានបរិយាយថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែជាអាទិភាពខ្ពស់សម្រាប់រដ្ឋាភិបាលអាណត្តិទី៥ដែល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដែលក្នុងនោះស្នូលនៃយុទ្ធសាស្ត្រគឺជាអភិបាលកិច្ចល្អដែលផ្តោតលើកំណែទម្រង់៤យ៉ាងក្នុងនោះការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាជ្រុងទី១ ។
រាជរដ្ឋាភិបាលម្ពុជាដែលមានអង្គភាពប្រឆាំងអំពើពុករលួយជាអង្គភាពឯករាជ្យជឿជាក់ថា ការប្រឆាំងអំពើពុករលួយអាចនឹងសម្រេចទៅបានតែក្នុងករណីមានការចូលរួមចំណែកអស់ពីលទ្ធភាពពីសំណាក់ក្រសួងស្ថាប័នរដ្ឋវិស័យឯកជន សង្គមស៊ីវិលដៃគូអភិវឌ្ឍន៍ផ្នែកសិក្សាធិការប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅតែ
ប៉ុណ្ណោះ ៕ ដោយ ៖ រតនា