ភ្នំពេញៈ ក្រុមអ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថាក្នុងរយៈ10ឆ្នាំចុងក្រោយនេះវិស័យ កសិកម្មកំពុងរីកចំរើនទៅមុខដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទាមទាឲ្យរាជរដ្ឋាភិបាល ត្រូវពង្រឹងការអភិវឌ្ឍវិស័យកសិកម្មនេះកាន់តែជឿនលឿនថែមទៀត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអចិន្ត្រៃយ៍នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នៃរបាយការណ៍សិក្សាកសិកម្មដែលពាក់ពន្ធ័ និងវិស័យសេដ្ឋកិច្ចនៅកម្ពុជានៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ២០១៤ ថា តាមការស្រាវជ្រាវក្នុង រយៈពេល១០ឆ្នាំនេះ វិស័យកសិម្មនៅកម្ពុជាមានការផ្លាស់ប្តូរច្រើនទៅរកចំនុចវិជ្ជាមានក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ប្រធានអចិន្រ្តៃនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរូបនេះ បានបន្តថា ផលិតកម្មស្រូវបានកើនឡើងទ្វេដង ចំណែកឯ ទិន្នផលពោត និងដំឡូងមីក៏កើនឡើងដែររហូត៣ដង ដោយចំនួននេះជាកំណើនដ៏ធំសម្បើម ដែល ឈានទៅការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិដ៏សំខាន់។ លោកក៏បានបញ្ជាក់ថា ការកើនឡើងនេះដោយសារ តែគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការអភិវឌ្ឍវិស័យកសិកម្មជាគោលដៅអាទិភាពតាមរយៈអភិវឌ្ឍហេដ្ឋាចរនា
សម្ពន្ធ័ផ្លូវប្រឡាយនៅតាមជនបទ និងជំរុញឲ្យប្រជាកសិករប្រើប្រាស់បច្ចេកវិទ្យាទំនើប ពូជល្អដែលទទួលបានទិន្នផលខ្ពស់ហើយមានតម្រូវការ សម្រាប់ទីផ្សារនំាចេញទៅកាន់អន្តរជាតិទៀតផង។
ដោយឡែក លោក Francesco Goletti ប្រធានក្រុមប្រឹក្សាអន្តរជាតិខាងផ្នែកកសិកម្មបានទទួលស្គាល់ថាវិស័យកសិកម្មនៅកម្ពុជាមានភាពលូតលាស់ទៅមុខ ដោយផ្ទៃដីធ្វើកសិម្មមានកំណើនកើនឡើង ប៉ុន្តែប្រាក់ចំណេញដែលទទួលបានវិញគឺនៅកម្រិតទាបនៅឡើយត្រឹមតែ២,២ភាគរយប៉ុណ្ណោះ។
លោកបន្ថែមថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងយន្តការបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យនេះ ដោយធ្វើ យ៉ាងណាជំរុញការចំណាយថ្លៃដើមផលិតឲ្យមកនៅកម្រិតទាប ហើយវត្ថុធាតុដើមកសិកម្មមួយ ចំនួនគួរផលិតនៅក្នុងស្រុកវិញជៀសជាងនាំចូលពីក្រៅដែលនេះជាការចំណាយដ៏ច្រើន។
លោក ម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបញ្ជាក់ថា កម្ពុជាពុំអាចបដិសេធចំពោះ ចំនុចនេះបានទេ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងគិតគូរជាបណ្តើរៗហើយពីការធ្វើផលិតកម្មកសិកម្មឲ្យ ទទួលបានទិន្នផលខ្ពស់ ហើយមានផលចំណេញច្រើន ក្នុងនោះក៏មានផែនការផលិតផលិតផល ដែលបំរើឲ្យវិស័យកសិកម្មនៅក្នុងស្រុកទៀតផងដូចជា ជី ថ្នាំគីមី និងផលិតផលផ្សេងៗទៀត។បើយោងតាមការព្យាករណ៍នៅឆ្នាំ២០១៣ កន្លងទៅនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុង ចំនួន៧,៦ភាគរយ ក្នុងនោះវិស័យកសិកម្មបានចូលរួមក្នុងកំណើនចំនួន៤,២ភាគរយ៕ ដោយ៖ ភីន រ៉ា