ភ្នំពេញៈ ជារៀងរាល់ឆ្នាំនៅពេលពិធីចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមម្តងៗ តែងមានកម្មវិធីលោត ម៉ុងសាយ និងការសម្តែងក្បាច់គុនផ្សេងៗ នៅតាមគេហដ្ឋាន និងក្រុមហ៊ុនធំៗមួយចំនួនរបស់បងប្អូនខ្មែរ-ចិន នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះតែម្តង។
គ្រប់ជាតិសាសន៍តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំទៅតាមប្រពៃណីរបស់គេរៀងៗខ្លួន។ ពិធីបុណ្យនេះទៀតសោត ក៏ត្រូវបានធ្វើឡើងទៅតាមរឿងព្រេងនិទានផ្សេងៗគ្នាអាស្រ័យតាមវប្បធម៌ និងជំនឿរបស់ប្រជាជន នៃប្រទេសនោះ។ដោយឡែក នៅពេលនេះប្រជាជនចិន ឬ មានសែស្រលាយចិនបាន និងកំពុងតែរីករាយអបអរនឹងការឈានចូលមក ដល់នៃពិធីបុណ្យចូលឆ្នាំរបស់ពួកគេផងដែរ។
ចង់ដឹងថាតើពិធីដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាមួយនេះមានដំណើរដើមទងឬប្រវត្តិដូចម្តេចខ្លះ? យោងទៅតាមរឿងព្រេងនិទានចិនបុរាណលោក អិត គង់ដែលជាបុគ្គលិកនៅសាលារៀនទួនហ្វា រាជធានីភ្នំពេញ បានរៀបរាប់រឿងនេះឡើងវិញដូចតទៅនេះថា៖
កាលពីសម័យបុរាណដ៏យូរលង់មកហើយនៅប្រទេសចិន មានសត្វចម្លែកមួយក្បាលស្រដៀងទៅនឹងសត្វតោ ឈ្មោះ «ណៀន» តែងតែចូលមកក្នុងភូមិជារៀងរាល់មួយឆ្នាំម្តងនៅពេលដំណាច់ឆ្នាំ។អ្នកភូមិនៅពេលដែលបានឃើញសត្វទាំងនេះហើយ ក៏នាំគ្នាភ័យខ្លាចនឹងសត្វចម្លែកនេះជាខ្លាំង ដោយតែងតែរត់គេចឱ្យឆ្ងាយពីវា។
ក្រោយមកទៀត មានបុរសម្នាក់ បានលេចចេញនូវគំនិតមួយឡើង ក្នុងការដេញសត្វ«ណៀន» នេះចេញពីភូមិ។ បុរសនោះបានយករំសេវច្រកក្នុងបំពង់ឫស្សី រួចអុជរំសេវទាំងនោះ ហើយវាបានបញ្ចេញសំឡេងយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បុរសនោះបានឱ្យអ្នកស្រុកយកក្រដាសពណ៌ក្រហមបិទតាមជញ្ជាំងផ្ទះ ព្រោះលោកសង្កេតឃើញថា សត្វណៀននោះវាខ្លាចពណ៌ក្រហម។ សំឡេងផាវដែលផ្ទុះឡើង និង ក្រដាសពណ៌ក្រហមនោះ ពិតជាមានអានុភាពបណ្តេញសត្វចម្លែកនោះចេញពីភូមិស្រុកបានមែន។
ប៉ុន្តែ ក្រោយពេលដែលបានបណ្តេញសត្វណៀនចេញពីភូមិហើយ អ្នកស្រុកសង្កេតឃើញថាផលដំណាំរបស់ពួកគេមិនសូវទទួលផលល្អសោះ។ អ្នកភូមិទាំងនោះ បានសញ្ជឹងគិតឃើញថា កាលដែលសត្វណៀននោះចូលក្នុងភូមិពួកគាត់ ភូមិស្រុករបស់ពួកគេទទួលបានភាពរីកចម្រើន និង សម្បូរសប្បាយ។ ហេតុនោះហើយទើបអ្នកភូមិយល់ថា សត្វណៀននោះ មិនមែនជាសត្វចង្រៃ ឬគួរឱ្យខ្លាចនោះទេ តែវាបានផ្តល់សេចក្តីសុខសេចក្តីចម្រើនដល់អ្នកភូមិទៅវិញទេ។ ដូច្នេះ ហើយអ្នកភូមិទាំងនោះបានចាប់ផ្តើមធ្វើការ សែនព្រែនដើម្បីជាការដឹងគុណដល់សត្វណៀននោះ ហើយបានកំណត់យកថ្ងៃដែលសត្វណៀនតែងតែចូលមកក្នុងភូមិ ជាថ្ងៃចូលឆ្នាំរបស់ពួកគេ។
លោក អៀក ឆាយ អាយុ ៣៥ឆ្នាំ ដែលជាប្រធានការិយាល័យសមាគមខ្មែរ-ចិន បានប្រាប់ឱ្យដឹងដែរថា ប្រពៃណីនៃការលោតម៉ុងសាយក៏ទាក់ទិនទៅនឹងរឿងព្រេងមួយនេះផងដែរ។ លោក បានឱ្យដឹងថា ការសម្តែងលោតម៉ុងសាយ (សាយ មាននយ័ថា តោ និងម៉ុង មានន័យថា លេង) គឺក៏ដើម្បីបណ្តេញសត្វ ណៀននោះចេញពីភូមិផងដែរ ហើយការសម្តែងនេះក៏បន្តរហូតមកទល់ពេលបច្ចុប្បន្ន ដោយគេមានជំនឿថាការសម្តែងនេះគឺដើម្បីបណ្តេញចេញនូវឧបទ្រពចង្រៃដែលបានកើតមានឡើងក្នុងឆ្នាំចាស់ និង ដើម្បីទទួលយកភាពសម្បូរសប្បាយរុងរឿងក៏ដូចជា ហូរចូលនូវទ្រព្យសម្រាប់ឆ្នាំថ្មី។
លោក អៀក អ៊ីង ក៏បានបន្ថែមទៀតថា សម្រាប់ការសម្តែងលោត ម៉ុងសាយ នៅពេលចូលឆ្នាំថ្មីប្រពៃណីចិនក៏មិនសូវខុសគ្នាប៉ុន្មានទៅនឹងការ សម្តែងរបាំត្រុដិដែរ គឺនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នោះរបាំត្រុដិត្រូវបានគេធ្វើឡើងគឺដើម្បីលើករាសី និង បណ្តេញនូវឧបទ្រពចង្រៃចេញក៏ដូចជាទទួលនូវលាភសក្ការៈសម្រាប់ឆ្នាំថ្មី។
ផ្កាអង្គារសិល្ប:តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ផ្កាអង្គារសិល្ប៍ត្រូវបានគេទិញ នៅមុនថ្ងៃចូលឆ្នាំចិនក្នុងគោលបំណងផ្សងរាសីក្នុងឆ្នាំថ្មីនេះ ឱ្យមានសេចក្តីសុខ លាភសំណាងនៅក្នុងក្រុមគ្រួសារ ព្រោះថាបើផ្កានេះរីក ច្រើននៅចំថ្ងៃចូលឆ្នាំតែម្តង នោះមានន័យថាក្រុមគ្រួសាររបស់ពួកគាត់នឹងមានលាភ មានសុភមង្គលនៅក្នុងឆ្នាំថ្មីនេះ។មិនត្រឹមតែប៉ុណ្ណោះ ផ្កាអង្គារសិល្ប៍អាចជាគ្រឿងលម្អ និង លើកសម្រស់គេហដ្ឋានផងដែរ។
ម្យ៉ាងវិញទៀត ក្រៅពីដើមអង្គារសិល្ប៍ប្រជាជនចិន ក៏និយមទិញនូវដើមក្រូចតូចៗ ដែលពោរពេញទៅដោយផ្លែស្អេចស្កះ សម្រាប់យកទៅតាំងលម្អរអមជាមួយនឹងដើមអង្គារសិល្ប៍ផងដែរ។ បើតាម លោក នូ ជេន អ្នកលក់ផ្កាអង្គារសិល្ប៍នៅក្បែររបងពហុកីឡារដ្ឋានជាតិអូឡាំពិច បានឱ្យដឹងថា តម្លៃរបស់ផ្កាអង្គារសិល្ប៍ គឺចាប់ពី១៥ ដុល្លារ រហូតដល់ ៥០ ដុល្លារ។
សារាចរណែនាំក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម:គ្រឿងផ្ទុះមាន ផាវ និងកាំជ្រួច ព្រមទាំងវត្ថុដែល អាចបង្កសំឡេងផ្ទុះ ហើយនិងល្បែងស៊ីសង ត្រូវបានហាមឃាត់ជាដាច់ខាត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម នេះបើយោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីប្រកាសនេះដែរដើម្បីរក្សា និងធានាសុវត្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីចូល ឆ្នាំប្រពៃណីចិន វៀតណាម សាលារាជធានីចេញបម្រាមមួយចំនួនដូចជា ហាមមិនឱ្យមានការប្រើប្រាស់ និង ចរាចរ ជាតិផ្ទុះគ្រប់ប្រភេទ ដោយចាត់ឱ្យអាជ្ញាធរដើរត្រួតពិនិត្យនៅតាមតូបលក់ទំនិញនានា បើក្នុងករណីរកឃើញ នឹង ត្រូវដកហូត ហើយអាជ្ញាធរត្រូវត្រួតពិនិត្យឱ្យ តឹងរឹងកុំឱ្យមានការនាំចូលគ្រឿងផ្ទុះទាំងនេះ។ ល្បែងស៊ីសង គ្រប់ ទម្រង់ ក៏ត្រូវបានហាមឃាត់ផងដែរ។
សាលារាជធានីបានផ្តល់ដំបូន្មានថា ចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គីសនី ទាំងនៅគ្រឹះ ស្ថានរដ្ឋ និង ឯកជន ពិសេសប្រជាពលរដ្ឋតាមផ្ទះត្រូវប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ ការដុតក្រដាសសែន ត្រូវប្រើធុងដែក និង ឆ្នាំងដី ដើម្បីដុត តែហាមដាច់ខាតមិនឱ្យដុតនៅលើផ្លូវសាធារណៈ ឬលើ ចឹញ្ចើមផ្លូវ។
ដោយកន្លងមក ស្ទើរតែរាល់ពិធីបុណ្យប្រពៃណីធំៗ ពិសេសបុណ្យចូលឆ្នាំចិន វៀតណាមនេះ គេសង្កេតឃើញថា គ្រោះអគ្គិភ័យកើតមានឡើងជាញឹកញាប់ រហូតដល់មានការស្នើឱ្យមានការបង្កើតច្បាប់គ្រប់គ្រងអគ្គិភ័យឡើងទៀតផង៕ ដោយ៖ ភីន រ៉ា