ភ្នំពេញៈ ប្រទេសជាតិពិតជាត្រូវការ ការចូលរួមពីស្រទាប់យុវជន យុវនារី ដែលមិនអាចខ្វះបាន ព្រោះថាយុវជនជាទំពាំងស្នងឬស្សី ជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងពិធីសំណេះសំណាល និង សួរសុខ ទុក្ខ យុវជន និងនិស្សិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិកាលពីព្រឹកថ្ងៃទី ២ ឧសភា ឆ្នាំ ២០១៣។
លោក ហ៊ុន ម៉ានីបានមានប្រសាសន៍ថាការចូលរួមរបស់យុវជនបានធ្វើឲ្យប្រទេសជាតិយើងមានការរីកចំរើនខ្លាំងក្លាណាស់ ហើយអ្វីដែលខ្ញុំគិតដូច្នេះព្រោះថាយុវជនគឺ ជាសសរទ្រូងនៃប្រទេសជាតិ។ ការយកចិត្តទុកដាក់ចំពោះយុវជនគឺមានសារៈសំខាន់ ចំណែក ក្រុម ក.៧៧ របស់ខ្ញុំបា នខិតខំយកចិត្តទុកដាក់ចំពោះយុវជនយើងដើម្បីចូលរួមតម្រងទិសនិងណែនាំបង្កើតកម្មវិធីផ្សេងៗ ដើម្បីឲ្យពួកគេបានស្គាល់គ្នាទៅវិញទៅមក ។ អ្វីដែលសំខាន់ជាងនេះគឺការចែករំលែកគ្នាទាំងបទពិសោធន៍ សំភារៈនិងថវិកាដល់យុវជន សិស្សានុសិស្សដូចគ្នាដែលពួកគេមានការខ្វះខាត ។
លោក ហ៊ុន ម៉ានីបានបន្តថាប្រសិនបើយើងឃើញកន្លែងណាកំពុងជួបការលំបាកហើយយើងមិនជួយនោះតើយើងធ្វើការងារយុវជនដើម្បីអ្វី? ដូច្នេះហើយការជួបសំណេះសំណាលគ្នានេះមានសារៈសំខាន់ណាស់សំរាប់រូបខ្ញុំដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ហើយវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នារួមគ្នាដើម្បីជួយដល់មិត្ត ភក្តិរបស់យើងទោះបីជានៅទីកន្លែងណាក៏ដូចកន្លែងណាដែរ ប្រសិនបើយើងមានឆន្ទៈនិងចង់នោះ យើងអាចចូលរួមជួយគាត់បាន។
លោកប្រធានសហភាពសហព័ន្ធយុវជនឲ្យដឹងទៀតថាចំពោះក្រុមយុវជនក.៧៧ចាប់ពីផ្តើមដំណើការពីខែមករា ឆ្នាំ២០១១ មក ក.៧៧ មានការលូតលាស់យ៉ាងលឿន នូវសកម្មភាពជួយយុវជន ដែលពេលនេះក្រុម ក.៧៧ មាន១៨សាខានិងមានសមាជិកមាន រហូតដល់១៦.០០០នាក់ ។ លោកបន្តថាចំពោះលទ្ធផលដែលក្រុមយុវជនយើង ទទួលបានកន្លងមក មិនមែនបានងាយស្រួលទេគឺបានមក ពីការខិតខំពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការ សកម្មជនរបស់ក.៧៧ផង។ ពេលកន្លងមកក្រុមយុវជនក.៧៧បានចួលរួមខិតខំប្រឹងប្រែង ធ្វើយ៉ាងណាបង្ខិត ចលនាឲ្យយុវជនឲ្យបានចូល រួមក្នុងការបោះឆ្នោត ឲ្យយុវ ជនយល់ដឹងពីវិស័យនយោបាយនិងវិស័យផ្សេងៗទៀត។ ការខិតខំប្រឹងប្រែងរបស់ក.៧៧នេះកើតឡើង ដោយសាតែពួកគេមានការយល់ដឹងពីកាតព្វកិច្ចរៀងៗខ្លួនរបស់សមាជិក សមាជិការ សកម្មជនដោយខ្លួនផ្ទាល់។
លោកបានបន្ថែមការចួលរួមរបស់យុវជននេះជាមេរៀនមួយទៀតក្រៅពីការសិក្សា នៅក្នុងសាលាចំពោះពាក្យថា «យុវជនជាសសរទ្រូងនៃប្រទេសជាតិវាមិនមែនតែយើងជាយុវជនគិតថាជាសសរទ្រូងទាំងអស់នោះទេ» គឺថាតើយើងជាយុវជនត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីជួយជាតិយើង? អ្វីដែសំខាន់នោះគឺនៅពេលយើងកំពុងតែសិក្សា បណ្តើរ ហើ យយើងចូលទៅជួយការងារសង្គមនេះវាបង្ហានូវអ្វីដែលថ្មី និងជាមេរៀនមួយ ផ្សេង ទៀត ខុស ពីអ្វីដែល យើង បានរៀននៅក្នុងសាលា គឺរៀនតែទ្រឹស្តី ។ ការចូលជួយកិច្ចសង្គ មនេះ បានបង្រៀន ឲ្យយើង ចេះធ្វើអ្វីដែលយើងមិនចេះ និងបានបណ្តុះនូវវិជ្ជាជីវៈ ដើម្បីទទួល បាននូវមូលដ្ឋាន ស្មាតី មួយក្លាយជាពលរដ្ឋល្អ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក ស្រីទេព កូលាបបានថ្លែងថាមកដល់បច្ចុប្បន្នសាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាល និស្សិតជ័យ លាភីមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បានចំនួន២.៨១៦នាក់ក្នុងស្រីមានចំនួន៨០៤នាក់ និងបានផ្តល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីបានចំនួនពី លើកមកហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ។ ហើយនៅពេលបច្ចុប្បន្ននេះផងដែរសាកលវិទ្យាធិការ កំពុងបណ្តុះ បណ្តាលនិស្សិត នៅគ្រប់មុខជំនាញចំនួន៦.១៤៤នាក់ ក្នុងនោះ មាននិស្សិ ត នារីចំ នួន២.០៥៩នាក់។
លោកស្រីបន្តថា ការបង្កើតសាខានេះក្នុងគោលបំណងពង្រឹង និងពង្រីកសមាជិកគណបក្សក្នុងចំណោមជួរនិស្សិត បញ្ញាវ័ន្ត ដើម្បីបណ្តុះផ្នត់គំនិតដល់យុវជនឲ្យមានស្មារតីស្រឡាញ់ស្មោះស័្មគ្រគាំទ្រកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សព្រមទាំងមានភារកិច្ចណែនាំតម្រង់ទិសសមាជិក សមាជិកានៅតាមគ្រឹះស្ថានឧត្តមសិក្សាសំដៅធ្វើយ៉ាងណាឲ្យយុវជនដែលជាសមាជិកគណបក្សក្លាយជាយុវជនគោរពស្រឡាញ់ និងដើរតាមមាគ៌ាដឹកនំាដ៏ត្រឹមត្រូវរបស់គណបក្ស។
លោកស្រីសាកលវិទ្យាធិការបានបន្ថែមថាបច្ចុប្បន្ននេះសាខាក្រុម ក.៧៧ ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានកសាងសមាជិកទាំងអស់ចំនួន១៣១៣នាក់ នារី៥៥៥នាក់ ដែលជានិស្សិតកំពុងទទួលបណ្តុះបណ្តាលក្រោមការដឹកនាំរបស់រ ចនា សម្ព័ន្ធចាត់តាំងមួយរួមមានប្រធានកិត្តយស១នាក់ ប្រធានសាខា១នាក់ អនុប្រធានសា ខា៣នាក់ និងប្រធានក្រុមចំនួន៥២នាក់។ ហើយផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពនៃរចនាសម្ព័ន្ធចាត់តាំងដឹកនាំនិងគ្រប់គ្រង ដោយខិតខំប្រមូលសមាជិក ជាពិសេសគ្រប់គ្រងកម្លាំងនិងណែនំាយុវជនក.៧៧នៅក្នុងសាកលវិទ្យាល័យដែល បានចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា។
ដោយឡែកលោកពិន ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យុវជនជាទំពាំងស្នងឬស្សី ជាសរសរទ្រូងប្រទេសជាតិ ។ ដូច្នេះដើម្បីឱ្យខ្លួនក្លាយជាសរសទ្រូងដ៏រឹងមាំនោះទាល់តែក្មួយៗទាំងអស់គ្នាខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ទាំងចំណេះដឹងទូទៅ ក៏ដូចជាសីលធម៌សង្គម ហាត់ពត់លុតដំខ្លួនឲ្យក្លាយ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ។
លោកបន្តថា ប្រទេសជាតិពិតជាត្រូវការយុវជនជំនាន់ក្រោយខ្លាំងណាស់ ហើយអ្នកទាំងអស់គ្នា ត្រូវតែ បង្ហាញនូវសេចក្តីក្លាហាន ក្នុងការរួមគ្នាបញ្ចេញសមត្ថភាពដែលខ្លួនមានចំពោះជាតិ តាមរយៈការលើកស្ទួយ វប្បធម៌ អរិយធម៌ និងអត្តសញ្ញាណដែលជាដួងព្រលឹងរបស់ខ្មែរយើង ឱ្យគេកោត ស្ញប់ស្ញែងបន្ថែមទៀត ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក ។
ក្នុងឱកាសនោះដែរ ក៏មានការផ្តល់ជូននូវអំណោយរបស់ លោកជំទាវកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ក្មួយៗនិស្សិតជាជនពិការ និងក្មួយៗនិស្សិតក្រីក្រ មកពីបណ្តារខេត្តមួយចំនួន ដែលបានមកសិក្សានៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។អំណោយសម្រាប់ចែកជូនយុវជនសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន៣០នាក់ក្នុងនោះនិស្សិតក្រីក្រ និង ពិការចំនួន១០នាក់ ម្នាក់ៗ ទទួលបាន កង់១គ្រឿង អង្ករ២០គីឡូក្រាម មី ត្រីខកំប៉ុង សៀវភៅ ប៊ិកសរសេរនិងថវិកា៥ម៉ឺនរៀល ។ និងយុវជនចំនួន២០នាក់ទៀតក៏ទទួលបានអង្គរ មីយើង ត្រីខកំប៉ុង សៀវភៅ ប៊ិកសរសេរនិងថវិការ៥ម៉ឺនរៀល ដូចគ្នានេះដែរ៕
ដោយ៖ សុវណ្ណរ័ត្ន