ភ្នំពេញៈ នៅទីបំផុតការដង្ហែក្បួនដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំរបស់អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដោយមានអ្នកចូលរួមប្រមាណជា១៥០នាក់ នោះ បានប្រព្រឹត្តទៅដោយរលូន ហើយគ្មានការរារាំងណាមួយពីសំណាក់កងកម្លាំងមានសមត្ថកិច្ច ខណៈមេដឹកនាំសហជីព មេដឹកនាំគណបក្សប្រឆាំង និងកម្មករ-កម្មការិនី ជាច្រើនរយនាក់ផងដែរ នាំគ្នាប្រារព្ធវិញ្ញាណក្ខន្ធក្បែររបងវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ មករា នេះ។
លោក ជា មុន្នី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានថ្លែងឱ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធនេះបានចាប់ផ្ដើមនៅម៉ោង៨ព្រឹក ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ហែក្បួនពីទីស្នាក់ការកណ្តាលរបស់សហជីពស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឆ្ពោះទៅកាន់រូបសំណាក់លោក ជា វិជ្ជា ស្ថិតនៅច្រមុះជ្រូកខាងលិចវិមានឯករាជ្យនិងខាងត្បូងវត្តលង្ការ។លោកបន្តថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ក៏មាននិមន្ដព្រះសង្ឃសូត្រមន្ដ និងបំពាក់កម្រងផ្កាលើរូបសំណាក់លោក ជា វិជ្ជា ផងដែរ។លោក ជា មុនី បានបញ្ជាក់ថា នឹងរៀបចំឯកសារដាក់ពាក្យបណ្តឹងជាថ្មីទៅកាន់តុលាការ ដើម្បីសើរើស្វែងរកឃាតកពិតប្រាកដយកមកផ្តន្ទាទោស។
ខណៈនោះដែរគេឃើញមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លោក កឹម សុខាមេដឹកនាំសហជីពដូចជា លោក រ៉ុង ឈុន លោក អាត់ ធន់ ក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ។មេដឹកនាំគណបក្សប្រឆាំងបានទាមទារឲ្យអាជ្ញាធរបន្តវែកមុខរកឃាតករពិត ដែលបានបាញ់សម្លាប់លោក ជា វិជ្ជា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យលោក ជា មុនី ប្រារព្ធខួប១០ឆ្នាំសពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅមុខវត្តលង្ការ ប៉ុន្ដែហាមមិនឲ្យមានការហែក្បួនឡើយ ដោយខ្លាចប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ឬបញ្ហាណាមួយកើតឡើងជាយថាហេតុ។លោកថា ប្រសិនបើសហជីពសេរីកម្មករ នៅតែប្រកាន់ជំហហែក្បួននោះសាលារាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់។គួរបញ្ជាក់ថា បើគិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ស្អែកនេះ គឺមានរយៈពេល១០ឆ្នាំហើយ ដែលលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មានកាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅក្បែរតូបលក់កាសែត ក្បែរវត្តលង្កា៕ ដោយ៖ ភីនរ៉ា