ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្នើឲ្យដៃគូម្ចាស់ជំនួយបង្កើនការផ្តល់កញ្ចប់ថវិកាដល់កម្ពុជាឲ្យកាន់តែច្រើនថែមទៀតដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសនេះឲ្យកាន់តែប្រសើរពិសេសការកាត់បន្ថយសោកនាដកម្មនានានៅតាមដងផ្លូវឲ្យមកនៅកម្រិតទាបបំផុ។
ក្នុងមួយឆ្នាំៗគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានទទួលកញ្ចប់ថវិកាប្រហែល ២លានដុល្លាក្នុងនោះថវិការបស់ម្ចាស់ជំនួយប្រមាណជាង១លាន ក្រៅពីនោះជាថវិកាជាតិ សម្រាប់ អនុវត្តកម្មវិធីលុបបំគ្រោះថ្នាក់ចរាចនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយដៃគូម្ចាស់ជំនួយក្នុងការពិនិត្យមើលសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៣ កន្លងមក និងលើកផែនការប្រចាំឆ្នាំ២០១៤ បន្ត លោក ពៅ ម៉ាលី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា នេះជាឆ្នាំ៥ហើយ នៃការ អនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលទទួលបានថវិកានិងបច្ចេកទេសពីកម្មវិធីសុវត្ថិភាព ចរាចរណ៍សាកលតាមរយៈអង្គការសុខភាពពិភពលោក។
លោកអគ្គលេខាធិការបញ្ជាក់ថា កម្មវិធីនេះ នឹងបន្តផ្តល់កញ្ចប់ថវិកាដល់កម្ពុជាហើយនឹងមានចំនួនច្រើនទៀត សម្រាប់ការអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពក្នុងការអនុវត្តសកម្មភាពទាំងឡាយសំដៅសម្រេចបានគោលដៅរបស់ខ្លួនក្នុងកាត់បន្ថយអត្រាគ្រោះចរាចរណ៍ក្នុងកម្រិត៥ភាគរយក្នុងមួយឆ្នាំៗ។
ផែនការនេះត្រូវបានកំណត់ចាប់ពីឆ្នាំ២០១១មក ដោយក្នុងមួយៗឆ្នាំត្រូវកាត់បន្ថយឲ្យបាន5ភាគរយ ប៉ុន្តែតាមរយផែនការនេះត្រូវបានគេមើលឃើញថា នៅមិនទាន់សម្រេចបាននៅឡើយទេដោយ ចំនួន អ្នកស្លាប់នៅតែមានការកើនឡើងបើទោះបីជាអត្រាគ្រោះថ្នាក់មិនទាន់មានការប្រែលប្រួល។
តំណាងអង្គការសុខភាពពិភពលោក លោក ភីធើ វ៉ាន់មូរ៉ាន់ បានបញ្ជាក់ថា នៅកម្ពុជាបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅតែជាប្រធានបទក្តៅគគុកដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ជាចំបង ដែលបច្ចុប្បន្ន គិតជាមធ្យមមានមនុស្សប្រហែលជាង៥នាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះ។ លោកបញ្ជាក់ថា សោកនាដកម្មនេះបានធ្វើឲ្យប៉ៈពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះតាមការប៉ាន់ស្មានបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រហែលជាង៣៥០លានដុល្លាក្នុងមួយឆ្នាំ។
លោកបន្ថែមថា ដើម្បីបង្កើតប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ រដ្ឋាភិបាលគួររឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ សាធារណៈជនឲ្យកាន់តែទូលំទូលាយតាមរយៈការចុះអប់រំដោយផ្ទាល និងបណ្តាញសារព័ត៌មាន។
តាមគម្រោងនៅឆ្នាំនេះកម្ពុជាបានស្នើកញ្ចប់ថវិកាពីម្ចាស់ជំនួយចំនួនជាង១លានដុល្លា សម្រាប់យកទៅអនុវត្តសកម្មភាពសំខាន់ៗដូចជាការពង្រឹងច្បាប់ការអប់រំផ្សព្វផ្សាយពីការពាក់មួកសុវត្ថិភាព ការបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹងជាដើម។
ទោះជាយ៉ាងនេះក្តី សំណើរនេះ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយភាគីទាំងសងខាងកំពុងពិភាក្សាគ្នា ហើយសម្រាប់ ភាគីកម្ពុជាក៏មានផែនការស្នើការអនុវត្តគម្រោងរយៈពេល៥ឆ្នាំទៀត គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ខាងមុខ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់មកនៅត្រឹម៥០ភាគរយ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលសណ្តាប់ធ្នាប់ក្រសួង មហាផ្ទៃ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ ២០១៣ កើតឡើងចំនួន ៤ ៣២២ លើក ធ្វើឲ្យស្លាប់មនុស្សចំនួន ១៩០១ នាក់ របួសធ្ងន់ ៤ ២០៥ នាក់ និង របួសស្រាល ៣ ០០៣ នាក់។ ចំនួននេះបើធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០១២ ករណីគ្រោះថ្នាក់និងស្លាប់បានកើនឡើង ០,៤ ភាគរយ ឯរបួសធ្ងន់ថយចុះ ៤ ភាគរយ និងរបួសស្រាលថយចុះ ២ភាគរយ៕ ដោយ៖ ភីន រ៉ា