ភ្នំពេញៈប្រទេសកម្ពុជាត្រូវបានសាធារណរដ្ឋកូរ៉េវាយតម្លៃថាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ក្នុ ងការបញ្ជូនពលករទៅបម្រើ ការងារស្របច្បាប់នៅសាធារណៈរដ្ឋកូរ៉េ។នេះបើតាមការលើកឡើងរបស់លោក Choi Gi-Dong អគ្គនាយកកិច្ចការអន្តរជាតិ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ ខណៈដែលដឹកនំាគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបទ្វេភាគីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលជាដៃគូសហប្រតិបត្តិការយ៉ាងសំខាន់របស់កម្ពុជាក្នុងការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ។
លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាទទួលបានទីផ្សារការងារមួយថ្មីដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់បៀវត្សខ្ពស់ តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ EPS នៅឆ្នាំ២០០៧ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ ពលការិនីទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធ EPSនេះ បានចំនួន ២៧.៧៥០នាក់ ក្នុងនោះស្រីចំនួន៤.៨៣២នាក់ លើវិស័យចំនួន៤គឺ វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យនេសាទ និងវិស័យសំណង់។
លោកChoi Gi-Dong អគ្គនាយកកិច្ចការអន្តរជាតិ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ថា ការ
បញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ថា ជាប្រព័ន្ធបញ្ជូនពលករប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានការលើកកម្ពស់សិទ្ធិសេរីភាពរបស់ពលករគ្រប់គ្រាន់។
លោក Choi- Gi- Dong បន្តថាក្នុងនាមក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចចិត្តបញ្ជូនពលករខ្មែរទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ និងចូលរួមជួយអភិវឌ្ឍដល់វិស័យឧស្សាហកម្មនៅកូរ៉េ។
លោកបញ្ជាក់ផងដែរថា ភ្នាក់ងារបញ្ជូនពលករកម្ពុជាជាភ្នាក់ងារនាំមុខគេ ជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភ្នាក់ងារបញ្ជូនពលករទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េទាំង១៥ប្រទេស ផ្អែកលើមូលដ្ឋាននេះហើយទើបសាធារណរដ្ឋកូរ៉េបន្តបង្កើនការទទួលយកពលករកម្ពុជា រហូតធ្វើឱ្យកម្ពុជាដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ក្រោយប្រទេសវៀតណាម បង់ក្លាដេស ឥណ្ឌូណេស៊ី និងប្រទេសថៃ តែកម្ពុជាមានលទ្ធភាពបញ្ជូនពលករបានច្រើនជាងប្រទេសទាំងនេះក្នុងឆ្នាំ២០១២ និង២០១៣ នេះ។ថៅកែរោងចក្រកូរ៉េជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ ការឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវខ្ពស់ក្នុងការងាររបស់ពលករខ្មែរ។
លោកChoi Gi-Dong បន្ថែមថាបើទោះជានាពេលបច្ចុប្បន្ននេះចំនួនពលករខ្មែរខុសច្បាប់ដែកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េមានចំនួនតិចតួចក្តី កម្ពុជាគួរយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះប្រសិនបើចំនួនពលករខុសច្បាប់មានការកើនឡើងច្រើន អាចនឹងប៉ះពាល់ដល់កូតានៃការទទួលយកពលករពីកម្ពុជា។
ជាកិច្ចឆ្លើយតបចំពោះបញ្ហារបស់លោក Choi Gi-Dong លោករដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់បញ្ជូនតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យធ្វើជាទីប្រឹក្សាទទួលបន្ទុកការងារគ្រប់គ្រងពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ក្នុងគោលដៅលើកកម្ពស់ភាពសុខដុមរមនីរបស់ពលករខ្មែរ និងកាត់បន្ថយចំនួនពលករខុសច្បាប់នៅសាធារណរដ្ឋកូរ៉េ តំណាងរូបនេះនឹងត្រូវធ្វើការជិតស្និទ្ធជាមួយក្រសួងមុខរបរ និងការងារកូរ៉េ ដើម្បីផ្តល់ព័ត៌មានអប់រំ ផ្សព្វផ្សាយគោលការណ៍ច្បាប់ នីតិវិធីទាមទារប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងអត្ថប្រយោជន៍ផ្សេងៗដែលពលករខ្មែរអាចទទួលបានប្រសិនបើពួកគាត់ត្រលប់មកកម្ពុជាក្រោយពេលចប់កិច្ចសន្យាការងារ៕ ដោយ៖ រតនា