ភ្នំពេញៈ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករនៃក្រុមការងារផ្នែកស្រូវអង្ករនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ប្រទេសកម្ពុជាយើង បាននាំចេញនូវអង្គរល្អៗគ្រប់ប្រភេទទៅក្រៅបរទេស បានជាង៤,៨ម៉ឹនតោន ក្នុងរយៈពេលពីខែដើមឆ្នាំ ២០១៤ ការនាំចេញអង្ករសរុបបានចំនួន ៤៨.៥៧៣តោន ដែលចំនួននេះ គឺបានថយចុះ២,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលមានចំនួនប្រមាណ៤៩.៨១៥តោន។
របាយការណ៍ដដែលបានបង្ហាញទៀតថា ការនាំចេញអង្ករពីកម្ពុជាមានចំនួន ២៧.០៣៧ តោន ដោយបានកើនឡើងពី ២៤.០៨៩ តោនកាលពីខែកុម្ភៈឆ្នាំ២០១៣។ អំឡុងពេលនេះដែរប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារ អន្តរជាតិចំនួន ៣៥ប្រទេសតាមរយៈក្រុមហ៊ុនចំនួន៤៩ ដែលក្នុងនោះប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេគឺប្រទេសបារាំង ប៉ូឡូញ ហូឡង់ ម៉ាឡេស៊ី ចិន និងបែលហ្សិកជាដើម។
ចំពោះប្រភេទអង្ករដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងគេគឺ ប្រភេទអង្ករផ្កាម្លិះ និងផ្ការំដួលដែលបាននាំចេញក្នុងបរិមាណ ២៤.៣៥៨តោនបន្ទាប់មកគឺប្រភេទអង្ករសចម្រុះគ្រាប់វែងនាំចេញបាន ១៣.២៦៤ និងមានប្រភេទអង្ករផ្សេងៗទៀតក៏ត្រូវបាននាំចេញផងដែរដូចជាអង្ករ ក្រអូបនាងម្លិះ អង្ករក្រអូបសូម៉ាលីអង្ករក្រអូបចម្រុះ អង្ករក្រអូបភ្លឺអង្ករសប្រណិត និងអង្ករចំហុយគ្រាប់វែងជាដើម។
សូមបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០១៤ កម្ពុជាបាននាំចេញអង្ករសរុបបានចំនួន ២១.៥៣៦ តោន។ កាលពីឆ្នាំ២០១៣ កម្ពុជានាំចេញអង្ករបានចំនួន៣៧៨,៨៥៦តោន ដោយបានឡើង៨១,២ភាគរយបើធៀបទៅនឹងការនាំចេញនៅក្នុងឆ្នាំ២០១២ដែលមានចំនួនតែ២០៥,៧១៧តោននោះ៕
ដោយ៖ ភីន រ៉ា