ភ្នំពេញ៖ ដោយសង្កេត ឃើញពី កំណើន នៃអ្នកវិនិយោគ និងភ្ញៀវទេសចរ នៅកម្ពុជា ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន មានគម្រោង ធ្វើការបណ្តាក់ ទុនវិនិយោគ បន្ថែម លើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើអាជីវកម្ម លើព្រលាន យន្តហោះ កម្ពុជា។ក្នុងជំនួប ពិភាក្សា រវាង លោក គាត ឈន់ ឧបនាយក រដ្ឋមន្ត្រី ប្រចាំការ និងជាអនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា CDC ជាមួយ អ្នកវិនិយោគ បារាំង លោក ល្វីស រ៉ូស ប៊ៀហ្កា ប្រធាន ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន ភាគីបារាំង បានថ្លែង អំណរគុណជាអនេក ចំពោះរាជ រដ្ឋាភិបាល និងរដ្ឋបាល នានារបស់កម្ពុជា ដែលកន្លងមកបានបន្តគាំទ្រ និងផ្តល់ ការលើកទឹកចិត្ត ដល់សកម្មភាព វិនិយោគ ទាំងឡាយ របស់ក្រុមហ៊ុនឱ្យសម្រេច បានជោគជ័យ។លោក គាត ឈន់ បានគូស បញ្ជាក់ថា គម្រោង អភិវឌ្ឍន៍ និង វិនិយោគបន្ថែម របស់ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន នឹងឆ្លើយតប ទៅនឹងកំណើន ជាលំដាប់នៃភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅកម្ពុជា និងតម្រូវការ ខ្ពស់នៃការតភ្ជាប់ ទំនាក់ទំនងរវាងប្រទេសនានា ក្នុងសមាគម អាស៊ាន និងពិភពលោក ព្រមទាំង ការចរាចរ ទំនិញនានា ផងដែរ។តាងនាម អោយរាជ រដ្ឋាភិបាល កម្ពុជា លោក ឧបនាយក រដ្ឋមន្ត្រី ប្រចាំការ បានថ្លែងអំណរ គុណចំពោះ ការវិនិយោគ ផ្នែកព្រលាន យន្តហោះ នៅប្រទេសកម្ពុជា របស់ក្រុមហ៊ុន ខនសេសស្សិន សម្បទាន ព្រលានយន្តហោះ។
លោក ឧបនាយក រដ្ឋមន្ត្រី បានបញ្ជាក់ ទៀតថា រាជរដ្ឋាភិបាល កម្ពុជាដើរ តួនាទីជាអ្នកសម្របសម្រួល ដល់ការវិនិយោគ នានារបស់អ្នក វិនិយោគ ដែលធ្វើការ បណ្តាក់ទុនអាជីវកម្ម នៅកម្ពុជា។ជាមួយ គ្នានេះ លោក ល្វីស រ៉ូស ប៊ៀហ្កា បានធ្វើ ការឧទ្ទេសនាម លោក នីកូឡា ណូប៊ែរប្រធាន ក្រុមហ៊ុន វីនស៊ី អ៊ែផត ដែលមក បំពេញទស្សនៈ កិច្ចព្រលានយន្ត ហោះនៅកម្ពុជា លោក ល្វីស បានបញ្ជាក់ថា ដំណើរទស្សន កិច្ចរបស់លោក នីកូឡា មកកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សា ពីម៉ូដែល ព្រលានយន្តហោះ នៅកម្ពុជាដែលស្ថិត ក្នុងចំណោម ព្រលានយន្តហោះ លំដាប់ខ្ពស់ទាំង ដប់នៅអាស៊ី ខាងការគ្រប់គ្រង និងផ្តល់សេវាអតិថិជន។ លោក នីកូឡា នឹងយកម៉ូដែលនេះ ទៅធ្វើការអនុវត្តក្នុងការវិនិយោគលើវិស័យព្រលានយន្តហោះរបស់ក្រុមហ៊ុន វីនស៊ី អ៊ែផត នៅព្រលានយន្តហោះព័រទុយហ្កាល់ ដែលក្រុមហ៊ុនវីនស៊ីអ៊ែផតទើបទទួលបានសិទ្ធិវិនិយោគនាពេលថ្មីៗនេះ។លោក នីកូឡា បានលើកឡើងពីកិច្ចសម្របសម្រួលរបស់រាជរដ្ឋាភិបាលដល់អ្នកវិនិយោគ និងអ្នកទេសចរដែលមកដល់ព្រះរាជាណាចក្រកម្ពុជា និងយន្តការដ៏មានប្រសិទ្ធភាពនៃការផ្តល់ទិដ្ឋាការដល់ទីកន្លែងអ្នកធ្វើដំណើរបរទេសផងដែរ៕
ដោយ៖ រតនា