ភ្នំពេញ៖ មូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានផ្តល់ ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានឥណទាន ចំនួន ៧ លានដុល្លារអាមេរិក ដល់កិច្ចដំណើរការអនុវត្តគម្រោងវិនិយោគទាំង ៧ និងជំនួយសហប្រតិបត្តិការបច្ចេកទេសមួយនៅកម្ពុជា ពាក់ព័ន្ធនិងការប្រែប្រួលអាកាសធាតុ។
ឯ/ឧស៊ិន ខ័ណ្ឌី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស បានធ្វើឲ្យមានកំណើនកំដៅលើភពផែនដី ដែលជាមូលហេតុដ៏ចម្បងនៃការប្រែប្រួលអាកាសធាតុ ជារួមរបស់ផែនដី។ ការប្រែប្រួលអាកាសធាតុនេះ អាចនឹងជះ ឥទ្ធិពលជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច សង្គម បរិស្ថាន និងជីវៈចម្រុះ ទាំងនៅក្នុងប្រទេសអភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍតិចតួច ។
ឯ/ឧបានបញ្ជាក់ថា ការអនុវត្តសកម្មភាពកម្មវិធីយុទ្ធសាស្ត្រសម្រាប់ធន់នឹងអាកាសធាតុនៅ កម្ពុជា បាននិងកំពុងអនុវត្តលើគម្រោងវិនិយោគចំនួន៧ ក្នុងវិស័យធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលអនុវត្តដោយក្រសួងស្ថាប័នសំខាន់ៗ និងគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសមួយ ដែលអនុវត្តដោយក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអនុវត្តនៃគម្រោង ទាំងនេះ។ តាមរយៈគម្រោងនេះ ប្រជាជនកម្ពុជាយើងនឹងទទួលបាននូវការរក្សាសន្តិស្បៀង ធានាបាននូវផលិតផលស្រូវខ្ពស់ និងដំណាំដែលធន់នឹងការប្រែប្រួលអាកាសធាតុ ។ ឯ/ឧបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការងារប្រែប្រួលអាកាសធាតុជាបញ្ហា អាទិភាពមួយ របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាដោះស្រាយបញ្ហានេះ តាមរយៈការពង្រឹងសមត្ថភាពបន្ស៊ាំដើម្បីធានាបាននូវភាពធន់ទៅនឹង ហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ ជាមួយនេះដែរ យើងក៏ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើការពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាធនធានមនុស្សទាំងក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា។
កម្ពុជាងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយសារសមត្ថភាពបន្ស៊ាំនៅមានកំរិត និងដោយសារតែមូលដ្ឋាន សេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រាស័យដោយផ្ទាល់លើវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ពន្ធរូបវន្ត័ ក៏នៅមិនទាន់បានបញ្ចូលការគិតគូរ ពីភាពធន នឹងការប្រែប្រួលអាកាសធាតុ ។ កម្ពុជាក៏នៅខ្វះបច្ចេកទេស សមស្រប និងធនធាន ហរិញ្ញវត្ថុសម្រាប់ដោះស្រាយបញ្ហាប្រឈម នឹងការប្រែប្រួលអាកាសធាតុ នេះ ។
ជាក់ស្តែងទឹកជំនន់ឆ្នាំនេះ បានបង្កការខូតខាត ជាទម្ងន់នៅក្នុងខេត្តចំនួន ២០ និងប្រជាពលរដ្ឋ ប្រមាណ ១,៧ លាននាក់ រងផលប៉ះពាល់ និងខូតខាដល់វិស័យ ៣ធំ គឺកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ពន័គ្រប់ប្រភេទនៅជនបទនិងទីប្រជុំជនមួយចំនួន ដែលខូតខាតសេដ្ឋកិច្ច ប្រមាណជាង ៨០០លានដុល្លារអាមេរិក ៕
ដោយ៖ អភិរក្ស