ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានី\ខេត្តមានតួនាទីច្រើនណាស់ក្នុងការចូលរួមក្នុងការអវិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើន ទៅ មុខ ដោយមិនប្រឡូកក្នុងឆាកនយោបាយទេ តែមានតួនាទីជាអ្នកសម្របសម្រួសអោយ បក្សនយោបាយនីមួយៗរួបរួម គ្នាជា ធ្លុង ជាតិតែមួយ។នេះជាការលើកឡើងរបស់លោក ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានីខេត្តកាលពីព្រឹកថ្ងៃ ទី០៦វិច្ឆិកា ២០១៣នៅក្នុងពិធីប្រកាសកម្រងនិងប្រធានកម្រងទី១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ ដែលពិធីនេះធ្វើឡើងដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងមន្ត្រីពាក់ព័ន្ធជិត៥០០នាក់។
លោក ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាបានបន្តទៀតថា សមាគមជាតិក្រុមប្រឹក្សា រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាមិនប្រឡូកក្នុងឆាកនយោបាយទេ បើយើងប្រឡូកគឺធ្វើអោយយើងមិនអព្យាក្រិត តែយើងមានតួនាទីជាអ្នកសម្របសម្រួសអោយបក្សនយោបាយនីមួយៗរួបរួមគ្នាជាធ្លុងជាតិតែមួយ។លោក ប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានីខេត្តបន្តថា នៅក្នុងសម័យមហានគរប្រទេសយើងមានការរីកចំរើនខ្លាំងណាស់ នោះដោយសារតែយើងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ។
តែក្រោយមកដោយសារតែមានការបែកបាក់ផ្ទៃក្នុងនេះហើយបានធ្វើអោយប្រទេសជាតិយើងជួបនឹងសង្គ្រាមដែលធ្វើអោយប្រទេសជាតិធ្លាក់ក្នុងចំណុចសូន្យ ពិសេសក្នុងសម័យប៉ុលពត។តែក្រោយពេលដែលប្រទេសជាតិរបស់យើងមានសន្តិភាពមានសាមគ្គីភាពផ្ទៃក្នុងបានល្អមិននឹងបានប៉ុន្មានឆ្នាំផង បានធ្វើអោយប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីចំរើនយ៉ាងឆាប់រហ័ស។លោកមានជំនឿចិត្តថា បើប្រទេសរបស់យើងមានសន្តិភាពបែបនេះមិនយូរទេនឹងមានការអភិវឌ្ឍន៍រីចំរើនមិនចាញ់ប្រទេសក្បែរខាងយើងឡើយ។
លោកបន្តទៀតថា អ្វីដែលប្រជាពលរដ្ឋចង់បាននោះគឺសន្តិសុខ សណ្តាប់ធ្នាប់ល្អ សេដ្ឋកិច្ចល្អ មានជីវភាពសមរម្យ និងមួយចំណុចទៀតមានយុត្តិធម៏ក្នុងសង្គម បើយើងអនុវត្តបានបែបនេះ នោះប្រជាពលរដ្ឋនឹងមានការគាំទ្រ។ក្នុងឱកាសនោះលោក ម៉ប់ សារិន បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តការងាររបស់ខ្លួនអោយបានជោគជ័យ ទៅតាមមាត្រាច្បាប់ដែលបានកំណត់អោយ សហការណ៍ជាមួយអាជ្ញាធររាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ សំដៅអោយមាននសន្តិសុខ សណ្តាប់ធ្នាប់ល្អនិងយកអត្ថប្រយោជន៍ប្រជាពលរដ្ឋជាធំ។រាល់អ្វីដែលបានកើតឡើងក្នុងខេត្តទាំងប្រាំ យើងនឹងរួមគ្នាដើម្បីដោះស្រាយអោយប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។សូមបញ្ជាក់ថា លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានកម្រងទី១ ដែលមនសមាជិកចំនួន៥ ខេត្ត ក្រុង ក្នុងនោះ មានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុងព្រះសីហនុ និងខេត្តកំពត៕ដោយ៖ សស្អាត