ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិ យូណេស្កូ អគ្គនាយកដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការគ្រប់គ្រងបណ្ណាសារ ក្រោមវត្តមានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវ កាញារីទ្ធ។លោកស្រី សុខ មុំនិមល អគ្គនាយិការទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានលើកឡើងថា វគ្គសិក្សានេះមានរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃ០៥ដល់ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៣ ដោយមានសិក្ខាកាមសរុបចំនួន៣០នាក់ សុទ្ធសឹងជាមន្ត្រីគ្រប់គ្រងព័ត៌មានឯកសារមកពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងមកពីមន្ទីរព័ត៌មានរាជធានី-ខេត្តចំនួន១៦នាក់។
ក្នុងនោះមកពីខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម តាកែវ ស្វាយរៀង កំពត រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្តាល។វគ្គសិក្សានេះបង្រៀនដោយមន្ត្រីជំនាញមកពីនាយកដ្ឋានតំកល់ឯកសារជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយផ្តោតជាសំខាន់លើការគ្រប់គ្រងឯកសារនានា ការងារចងក្រងសំណុំលិខិត ការងាររៀបចំនិងការងារកែសម្រួលឯកសារ ការងារស្ថិតិត្រួតពិនិត្យបណ្ណាសារ ការងារគ្រប់គ្រង និងរក្សាឯកសារការរៀបចំ និងការថែរក្សាបណ្ណាសារ ជាពិសេសពីបច្ចេកទេសថែរក្សាហ្វីល ឬ ឯកសាររូបថត។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារឯកសារនេះសំខាន់ណាស់ ពិសេសចំពោះផ្នែកសារព័ត៌មានបណ្ណាសារ ពិតជាសំខាន់ណាស់ ដែលគ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រោះបណ្ណាសារវាជាខួរក្បាលធ្វើឲ្យយើងចេះ
គិតគូរ ចេះឆ្លើយ ហើយអាចដោះស្រាយសភាពការណ៍បានទាន់ពេលវេលានៅពេលដែលយើងត្រូវការបន្ទាន់។
លោករដ្ឋមន្ត្រីបន្តថានៅកម្ពុជាយើងច្រើនធ្វេសប្រហែសមិនសូវជាចេះថែរក្សាឯកសារហើយបញ្ហានេះវាក្លាយជាទំលាប់មិនល្អមួយ ប៉ុន្តែការរៀបចំជាលក្ខណៈវិទ្យាសាស្ត្រ ដែលអាចថាពីជំនាន់មួយ ទៅជំនាន់មួយ ដែលអាចឲ្យយើងរកបានភ្លាមនោះ វាជាការលំបាកមួយ។ ដូច្នេះទើបបច្ចុប្បន្ននេះ យើងចាប់ផ្តើមយកចិត្តទុកដាក់ឡើងវិញ ជាពិសេសនៅតាមខេត្ត ដែលពុំសូវមានមន្ត្រីជំនាញច្រើននោះ ទើបថ្ងៃនេះដោយបានសហការជាមួយអង្គការយូណេស្កូនិងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រៀបចំបង្កើតវគ្គសិក្ខាសាលានេះ ដើម្បីឲ្យមន្ត្រីយើងគាត់មានបទពិសោធន៍ ហើយមានលក្ខណៈមួយយកចិត្តទុកដាក់ចេះរៀបចំថែរក្សាឯកសារ បានត្រឹមត្រូវតាមបច្ចេកទេសដូចៗគ្នា ដោយចាប់ផ្តើមពីក្រសួងព័ត៌មាននេះទៅ៕ ដោយ៖ សស្អាត