ភ្នំពេញ៖ នាពេលបច្ចុប្បនេះ ក្រុមពលករ-ពលការិនីកម្ពុជាដែលបាននឹងកំពុងបំពេញធ្វើការនៅក្រៅប្រទេសមានចំនួនរហូតទៅដល់ ១៧ម៉ឺននាក់ បានផ្ទេរសាច់ជាប្រាក់មកឱ្យក្រុមគ្រួសារ របស់ពួកគេ នៅស្រុកកំណើតវិញ បានប្រមាណជាង៣៥០លានដុល្លាររៀងរាល់ឆ្នាំ។នេះអះអាងរបស់លោក អ៊ិត សំហេង មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី«ការអនុវត្តប្រកាសអនុក្រឹត ស្តីពីការគ្រប់គ្រង ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន» នៅសណ្ឋាគារឯកជនមួយ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា។
លោករដ្ឋមន្រ្តីបានបន្តថា «ខណៈពេលនេះដែរ ក្រុមពលកររបស់យើង មានរហូតដល់ ១៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស លើកលែងតែសាធារណរដ្ឋកូរ៉េទេ ដែលជាប្រព័ន្ធបញ្ជូនរវាង G-2-G (រដ្ឋាភិបាល និងរដ្ឋាភិបាល) ឯក្រៅពីនោះ គឺបញ្ជូនដោយទីភ្នាក់ងារជ្រើសរើសឯកជន។
លោកបន្ថែមទៀតថា ជាក់ស្តែង ការដោះស្រាយការងារនេះ មានផលប្រយោជន៍អ្វី? ទី១មួយគឺបានផ្តល់ឱកាសការងារដល់យុវជន យុវនារីរបស់យើង ដែលត្រូវការរកការងារ ។ អញ្ចឹងបងប្អូន អាចទៅធ្វើការក្រៅប្រទេស ដែលមានប្រាក់ឈ្នួលសមរម្យ ។ ទី២ ពេលធ្វើការងារហើយ បងប្អូន អាចដោះស្រាយជីវភាពរបស់ខ្ឡួន នៅទីនោះបានហើយ ថែមទាំងផ្ញើមកឱ្យក្រុមគ្រួសារថែមទៀត។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា នាបច្ចុប្បន្ន សរុបតួលេខមិនទាន់គ្រប់គ្រាន់ទេ (មិនទាន់រួច) ក្នុងមួយឆ្នាំ គឺ៣៥០លានដុល្លារ សហរដ្ឋអាមេរិក ដែលពលកររបស់យើង រកបានពីការដែលចេះទៅធ្វើការដោយខ្លួនឯង ហើយបញ្ជូនមកក្រុមគ្រួសារវិញ ។ លុយនេះ មិនមែនបានមករដ្ឋាភិបាលទេ ប៉ុន្តែបានទៅដល់ក្រុមគ្រួសាររបស់ពលករយើង ដែលជាចំណូលមួយ ដែលយើងទៅរកពីប្រទេសនានា ហើយហូរចូលមកប្រទេស។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុន ចំនួន ៤៣ហើយ បានផ្តល់សេវាស្របច្បាប់ បញ្ជូនពលករទៅក្រៅប្រទេស ។
សូមបញ្ជាក់ថា ប្រទេសដែលកម្ពុជាបានបញ្ជូនពលករទៅធ្វើការងារមាន ៤ គឺប្រទេស ម៉ាឡេស៊ី ថៃ ជប៉ុន ដែលប្រទេស ៣ នេះបញ្ជូនតាមក្រុមហ៊ុនឯកជន និងប្រទេស កូរ៉េ បញ្ជូនដោយស្ថាប័នរដ្ឋ។ ការបញ្ជូនពលករទៅធ្វើការនៅបរទេសមានតាំងពីឆ្នាំ ១៩៨៨ គឺបញ្ជូនទៅប្រទេស ម៉ាឡេស៊ី តែបានតិចតូចទេពីដំបូង ហើយការបញ្ជូនកើនច្រើននៅក្នុងឆ្នាំ ២០០១។ លុះដល់ឆ្នាំ ២០០៣ ទើបចាប់បញ្ជូនពលករទៅប្រទេស ថៃ និង កូរ៉េ ជាបន្តបន្ទាប់គ្នា។
បើយោងទៅតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា ដោយមិនរាប់បញ្ជូល ការបញ្ជូណពលករ ទៅប្រទេសកូរ៉េ ដែលជាការបញ្ជូនរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ការបញ្ជូនពលរកខ្មែរ ទៅធ្វើការក្រៅប្រទេស តាមរយៈក្រុមហ៊ុនឯកជន ក្នុងឆ្នាំ២០១៣កន្លងទៅ មានចំនួន ១៣.៧៨០នាក់ (ស្រី៤៨៣១នាក់) ដែលថយចុះ ៤៨,៣៣% បើប្រៀបនឹងឆ្នាំ២០១២ ដែលមានពលករចំនួន ២៦.៦៧២នាក់ ។ ជាមួយគ្នានេះ ការបញ្ជូនពលករទៅប្រទេសកូរ៉េ ខាងត្បូងក្នុងឆ្នាំ២០១៣ តាមប្រព័ន្ធអនុញ្ញាត្តមុខរបរ EPS មានចំនួន ៨.៨២០នាក់៕ ដោយៈ ភីន រ៉ា