ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាកសិករក្នុងការធ្វើស្រូវឲ្យបានផលច្រើន លើសពីធម្មតា នៅថ្ងៃសុក្រ នេះ អង្គការសេដាក ដែលជាអង្គការធ្វើការខាងវិស័យកសិកម្មដោយផ្ទាល់ជាមួយប្រជាកសិករ បានផ្តល់នូវគំនិតបន្ថែមថ្មីៗមួយចំនួនទាក់ទងពីរបៀបស្ទូងស្រូវនិងរបៀបថែទាំស្រូវធ្វើយ៉ាងណាឲ្យបានផលច្រើនដល់ប្រជាកសិករកម្ពុជា ពិសេសក្នុងរដូវប្រាំងនេះ។គំនិតល្អៗទាំងនោះរួមមាន ចំពោះកសិករដែលមិនទាន់ស្ទូងស្រូវប្រាំងហើយ គឺគួរតែជ្រើសរើសដកយកតែសំណាបដែលថ្លោសៗល្អទៅស្ទូង ដោយស្ទូងតែ១គុម្ព ១ដើម ហើយត្រូវលៃចន្លោះគុម្ពឱ្យគៀកជាងការស្ទូងនៅដើមរដូវវស្សា (គឺចន្លោះប្រហែល ១.៥ តឹក) ដោយសារស្រូវមានពេលតិចសំរាប់លូតលាស់។
ដោយឡែកចំពោះដីស្រែដែលស្ទូងរួច ហើយមានទឹកដក់ច្រើននៅក្នុងស្រែ កសិករគួរបង្ហូរទឹកចេញខ្លះ ដើម្បីឱ្យស្រូវលូតលាស់និងបែកគុម្ពបានច្រើន។ ប៉ុន្តែនៅពេលស្រូវបែកគុម្ពនិងចេញផ្កា (នៅចុងរដូវ) កសិករគួររក្សាទឹកទុកនៅក្នុងស្រែវិញ។ចំណែកដីស្រែស្ទូងហើយ តែមិនសូវមានទឹកដក់ កសិករគួរប្រមែប្រមូលសារធាតុសរីរាង្គដូចជាស្លឹកនិងមែករុក្ខជាតិ (រួមមានទន្ទ្រានខែត្រ ស្នោរ សណ្តែក ល្ហុងខ្វង អង្កាញ់ អង្គារដី ស្តៅ ។ល។) និងអង្កាមជាដើម បាចចូលក្នុងស្រែ។ ការធ្វើរបៀបនេះវាជួយឱ្យដីមានជីជាតិ និងជួយគ្របដីធ្វើឱ្យដីមានសំណើម និងធ្វើឱ្យស្រូវលូតលាស់បានល្អ។ជាមួយគ្នានេះ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកបានមានប្រសាសន៍ថា កសិករគួរព្យាយាមអនុវត្តការស្ទូងឲ្យបានល្អ ដោយរើសតែសំណាបថ្លោសមកស្ទូង ហើយស្ទូងតែ ១ គុម្ព ១ ដើមបានហើយទោះបីជាសំណាបរាងចាស់បន្តិចក៏ដោយ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសេដាក មកទល់ពេលនេះ ប្រជាកសិករខ្មែរប្រមាណ៩០ភាគរយបានស្ទូងស្រូវរួចរាល់ហើយ ដោយនៅសល់ប្រមាណ១០ភាគរយទៀតប៉ុណ្ណោះមិនទាន់បានស្ទូង ដោយសារភាពរាំងស្ងួតបានអូសបន្លាយនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តតាកែវ និងកំពង់ចាមជាដើម៕
ដោយ៖ ស.ស្អាត