ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវទៅកាន់ប្រមុខដឹកនាំក្នុងកិច្ចប្រជុំកំពូលនៅ
ប្រទេសឡាវ ជាមួយនឹងមេដឹកនាំប្រទេសជិតខាងកម្ពុជា រួមមាន ប្រមុខដឹកនាំប្រទេសថៃ វៀតណាម និង
នាយករដ្ឋមន្ត្រីឡាវឲ្យចូលរួមទប់ស្កាត់នូវជំនួញឈើគ្រញូង ដើម្បីការពារបរិស្ថានផង និងដើម្បីការពារ
អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាដែលឆ្លងចូលដោយខុសច្បាប់ផង។
បន្ទាប់ពីវិល ត្រឡប់មកពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅប្រទេសឡាវ កាលពីរសៀលថ្ងៃទី១៣ ខែមីនា
ឆ្នាំ២០១៣វិញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើសន្និសីទកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អំពីលទ្ធផលនៃ
កិច្ចប្រជុំកំពូល រយៈពេល ២ ថ្ងៃ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំកំពូល CLV CLMV និងACMECS នៅថ្ងៃទី១២
និងថ្ងៃទី១៣មីនា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រមុខដឹកនាំប្រទេសជិត
ខាងកម្ពុជា ឲ្យជួយទប់ស្កាត់នូវជំនួញឈើគ្រញូង ចេញពីកម្ពុជា។ ការទប់ស្កាត់ឈើគ្រញូង គឺដើម្បីការពារបរិស្ថាន
ផង និងដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ដែលឆ្លងដែនខុសច្បាប់ផង។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាផ្ទាល់មាត់ និងចេញសារាចរ
ណែនាំ ស្តីពី វិធានការទប់ស្កាត់ចលនាចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយតម្រូវឲ្យយោធា និងប៉ូលិសព្រំដែន
រឹតបន្តឹងទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋកម្ពុជាលួចឆ្លងដែន ទៅកាន់ប្រទេសថៃដើម្បីកាប់ឈើ។ ក្នុងនោះ អាជីវកម្មឈើ
គ្រញូង ទាំងក្នុងស្រុក និងទាំងទៅក្រៅប្រទេស ក៏ត្រូវលុបបំបាត់ផងដែរ។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ពលរដ្ឋខ្មែរចំនួន ២នាក់បន្ថែមទៀត ត្រូវទាហានថៃបាញ់ស្លាប់
ក្នុងចំណោមពលរដ្ឋខ្មែរប្រមាណ ១២ នាក់ ដែលបានឆ្លងដែនទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ នៅចម្ងាយ
ប្រមាណជាង ៩គីឡូម៉ែត្រពីព្រំដែន ក្នុងទឹកដីថៃ ឈមនឹងច្រករបៀងចំបក់កោង ភូមិ-ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ។
របាយការណ៍របស់ប៉ូលិសក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងឆ្នាំ២០១២ មានប្រជាពលរដ្ឋកម្ពុជាចំនួន ៤៥ នាក់ ដែល
ត្រូវបានទាហានថៃបាញ់សម្លាប់ដោយសារការឆ្លងដែនខុសច្បាប់ចូល ក្នុងទឹកដីថៃ។ ចំនួននេះបានកើនឡើង ៣ដង
បើធៀបនឹងឆ្នាំ២០១១ និងកើនឡើង ៥ ដង បើប្រៀបធៀបនឹងឆ្នាំ២០១០។ ដោយឡែកនៅដើមឆ្នាំ២០១៣ មានពលរដ្ឋ
កម្ពុជា ២ នាក់ ត្រូវបានទាហាថៃបាញ់សម្លាប់។
ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់
មកពីកិច្ចប្រជុំកំពូល នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មកដល់ព្រលានយន្តហោះភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមីនា
ឆ្នាំ២០១៣។
ក្នុងសន្និសីទកាសែត លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដែលបានអមដំណើរសម្តេចនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលទាំងបីនោះ គឺផ្តោតទៅ
លើការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន ដើម្បីកាត់គម្លាតប្រទេសសមាជិកអាស៊ានថ្មី ព្រមទាំងជំរុញការចូលជា
សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ។
ចំណែកលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូលរវាង
ប្រមុខដឹកនាំកម្ពុជា វៀតណាម និងឡាវ បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចខ្ពស់ នៅតំបន់អភិវឌ្ឍន៍ត្រីកោណ
កម្ពុជា-វៀតណាម-ឡាវ។ ក្នុងនោះ កម្ពុជាបានកើនឡើង ៩% ក្នុងខេត្តជាប់ព្រំដែន ដែលកាត់ចូលក្នុងតំបន់អភិវឌ្ឍន៍
ត្រីកោណ នៅឡាវកើន ១០% និងនៅវៀតណាម កើន ១១%៕ ស.ស្អាត