ភ្នំពេញៈ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទ ទី៣ មីនា នេះ បានថ្លែងអំពាវនាវយ៉ាងទទូច ឱ្យមានការលប់បំបាត់ទម្លាប់លួចចម្លងស្នាដៃបរទេសមកធ្វើជារបស់ខ្លួន។សម្តេចអំពាវនាវបែបនេះ ស្របពេលដែលសម្តេចអញ្ជើញចូលរួមនៅក្នុងទិវាវប្បធម៌ជាតិលើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ ចំពោះការមើលនូវការលួចចម្លងស្នាដៃសិល្បៈរបស់បរទេសនៅក្នុងសង្គមកម្ពុជា។
លោកជំរុញឱ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធពង្រឹងកិច្ចការនេះឡើងវិញ ដើម្បីលើកកម្ពស់ស្នាដៃការបង្កើតរបស់កម្ពុជា ជាជាងការលួចចម្លងស្នាដៃពីជាតិសាសន៍ដទៃ។ព្រមគ្នានេះ លោក ហ៊ុន សែន បានថ្លែងផងដែរថា សម្លៀកបំពាក់ប្រពៃណីមួយចំនួន ដូចជាអាវបំពង់ ត្រូវបានប្រើប្រាស់តែក្នុងទម្រង់សិល្បៈតែប៉ុណ្ណោះ រីឯសង្គមជាក់ស្តែងវិញ ពុំមាននោះឡើយ។ប្រទេសកម្ពុជា ទោះជាមានច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលយ៉ាងណាក្តី ក៏ការអនុវត្តការទប់ស្កាត់នេះ នៅតែត្រូវបានគេមើលឃើញមានសភាពប៉ក់ល្វើយ មិនសូវជាស្វាហាប់នោះទេ។
គួរបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីឱ្យប្រជាជនទូទាំងប្រទេស បានស្គាល់ និងយល់ដឹងកាន់តែច្បាស់ពី តម្លៃនៃសម្បត្តិវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងការទាញយកប្រាក់ចំណូល ពីធនធានទាំងនេះ។ ជម្រុញឲ្យប្រជាពលរដ្ឋ ចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការ បង្កើតសេវាកម្ម និងផលិតផល និងចេះថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិ ចូលរួមយ៉ាងសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវសម្បត្តិវប្បធម៌អរូបីគ្រប់ប្រភេទ ដែលមាននៅក្នុងភូមិឋានរបស់ខ្លួន។
ជាពិសេសទៅទៀតនោះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមកាន់តែសកម្មក្នុងការផ្ទេរ និងទទួលយកចំណេះដឹង ជំនាញបច្ចេកទេសលើវិស័យវប្បធម៌ជាតិ និងរួមគ្នាលើកស្ទួយ សីលធម៌សង្គមឱ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាព៕ ដោយៈភីន រ៉ា