ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី។ ព្រះរាជក្រឹត្យតែងតាំងនេះ បានចុះព្រះហត្ថលេខា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣។លោក ញឹក ប៊ុនឆៃ ដែលទើបតែ ក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាលថ្មីនេះ បានប្រាប់ក្រុមអ្នក សារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីបញ្ចប់កិច្ចជំនួបពិភាក្សា ជាមួយគណៈប្រតិភូចិន ផ្នែកផ្លូវដែក និងរថភ្លើង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ថា លោកគ្រាន់តែទទួលតួនាទី ជាទីប្រឹក្សារាជរដ្ឋាភិបាលប៉ុណ្ណោះ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ពុំមានតួនាទីអ្វី នៅក្នុងជួររាជរដ្ឋាភិបាលនោះទេ។
លោកបានបញ្ជាក់ថា មិនមានទទួលតួនាទីអ្វី ដែលទទួលខុសត្រូវ ក្នុងរាជរដ្ឋាភិបាលទេ គឺយើង ទទួលតួនាទី ជាទីប្រឹក្សារាជរដ្ឋាភិបាល ជាទីប្រឹក្សាក្រសួង ហើយនៅក្នុងក្រសួងនោះ ទទួលតួនាទីស្មើនឹងអនុរដ្ឋលេខាធិការ នៅក្នុងក្រសួងមួយសម្រាប់មនុស្សម្នាក់ នេះទៅតាម គោលការណ៍ ដែលគណបក្សហ៊្វុនស៊ិនប៉ិច រៀបចំបញ្ជូនឥស្សរជនមួយចំនួន ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល។លោក ញឹក ប៊ុនឆៃ បានថ្លែងបន្តទៀតថា គណបក្សបានបញ្ជូនឈ្មោះ មន្រ្តីទាំងនោះ ទៅ រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះហើយ ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណា នៅឡើយ ទេ។ ទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិច ពុំមានអាសនៈនៅក្នុងរដ្ឋសភាក៏ដោយ ប៉ុន្តែដូចនៅក្នុង សមាជ របស់គណបក្សប្រជាជនកម្ពុជា កាលពីមុនពេលបោះឆ្នោត បានលើកឡើងថា គណបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវតែចូលរួម នៅគ្រប់សកម្មភាពនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ ស.ស្អាត