ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ថា លោកឧបការីរង រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរ មកបំពេញទស្សនកិច្ច នៅកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ។ការធ្វើដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា គឺដើម្បីពិភាក្សាការងារមួយចំនួន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោក កុយ គួង បានមានប្រសាសន៍ថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ លោក Scot Marciel ឧបការីរង រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរ មកបំពេញទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជាដែលលោកគ្រោងនឹងជួបពិភាក្សាការងារជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-សហរដ្ឋអាមេរិក។បើតាមលោក កុយ គួង បានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីសំណាក់ លោក Scot Marciel ឧបការីរង រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកនាពេលខាងមុខនេះ គឺបញ្ជាក់ឲ្យឃើញពីការបន្តធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជានិងអាមេរិក ដែលជាសញ្ញាមួយឲ្យឃើញថា ការអំពាវនាវរបស់គណបក្សប្រឆាំងនាពេលកន្លងមកនេះ កាន់តែសាបទៅៗ មិនមានឥទ្ធិពលអ្វីទាំងអស់៕ ដោយ៖ រតនា