ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃច័ន្ទ ទី២៨ ខែតុលានេះ ដើម្បីពិភាក្សាគ្នាពីការអភិវឌ្ឍន៍តំបន់ព្រំដែនកម្ពុជា-ថៃជាពិសេសលើបញ្ហាបើកច្រកព្រំដែនថ្មីមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនជាកន្លែងសន្តិភាពនិងជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលក្នុងការធ្វើចរាចរណ៍ទំនិញក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាពលរដ្ឋកម្ពុជា-ថៃនៅតាមតំបន់ព្រំដែន។ការពិភាក្សាគ្នារវាងប្រមុខការទូតកម្ពុជា-ថៃនេះ ធ្វើឡើងនៅមុនរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ដែលតុលាការ អន្តរជាតិក្រុងឡាអេ ICJ នឹងបកស្រាយសាលដីកាឆ្នាំ១៩៦២ លើរឿងក្តីប្រាសាទព្រះវិហារ តាមបណ្ដឹង របស់កម្ពុជានៅថ្ងៃ១១វិច្ឆិកាខាងមុខ។
សមាសភាពនៃក្រុមការងាររបស់កម្ពុជាដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោណាំហុងរដ្ឋមន្ត្រីការបរទេសចំណែកក្រុមការងាររបស់ថៃ ដឹកនាំដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សូរ៉ាពង្ស តូវីចាក់ឆៃគល់ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។សូមជម្រាប ថា កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៣កន្លងទៅរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ថៃបានជួបគ្នាម្តងរួចមកហើយដោយកាលនោះភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាជាច្រើនដូចជាសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងបានព្រមព្រៀងគ្នាបើកច្រកអន្តរជាតិចំនួនបួនទៀតដើម្បីសម្រួលលើការដឹកទំនិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែនក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីកាលពីថ្ងៃទី២៥ខែតុលាបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃឲ្យរក្សាស្ថិរភាពនិងសន្តិសុខទោះបីជាតុលាការឡាអេចេញសេចក្តីសម្រេចលើសំនុំរឿងបកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារយ៉ាងណាក៏ដោយ។ជាមួយគ្នានេះសម្ដេចហ៊ុនសែនបញ្ជាក់ថា ទោះជាលទ្ធផលយ៉ាងណាក៏ទំនាក់ទំនងកម្ពុជា-ថៃនៅតែប្រកាន់ខ្ជាប់នូវជំហរមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដដែល៕