ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃពុធបានឲ្យដឹងថា ក្នុងចំណោមករណីធំៗចំនួន៤ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់កម្មកររោងចក្រចំនួន៥នាក់ ក្នុងនោះកម្មករប្រមាណ៣៧៩នាក់ទៀតបានរងរបួសធ្ងន់-ស្រាលក្នុងរយៈពេល១២ខែចុងឆ្នាំ២០១៣។ ចំនួននេះបើធ្វើការប្រៀបធៀបនិងឆ្នាំ២០១២កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដោយកាលពីឆ្នាំមុនក្នុងចំណោម១១ករណីមានអ្នកស្លាប់ចំនួន៤នាក់ និងអ្នករបួសចំនួន៣៥៤នាក់ប៉ុណ្ណោះ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពីមូលហេតុដែលបង្កឲ្យកម្មករមានគ្រោះថ្នាក់ស្លាប់ និងរងរបួស។ លោកបន្តថា ការប្រើប្រាស់យានយន្តចាស់ពេក ដែលមិនអាចធានាទៅលើប្រពន្ធ័ បញ្ជារយានយន្តឲ្យល្អប្រសើរ រឺឯកត្តាភាពក្រីក្របានធ្វើឲ្យកម្មករបង្ខំចិត្តប្រជៀតគ្នាជិះនៅលើរថយន្ត តូច មួយគ្រឿងដើម្បីសន្សំលុយផងដែរ។ លោកបានរកឃើញថា៖«ភាគច្រើនអ្នកបើកបររថយន្តប្រភេទតូរីស ១២កៅអីបានដោះកៅអីចេញពីរថយន្ត ដើម្បីចំណេញកន្លែងផ្ទុកកម្មករឲ្យបានច្រើននាក់ កម្មករដែលជិះនៅលើរថយន្តនោះ ខ្លះឈរ ខ្លះអង្គុយ និងខ្លះទៀតប្រយិតប្រតោង អាចមានរហូតដល់ទៅ៣២នាក់»។ លោកបញ្ជាក់ថា អ្នកបើកបរភាគច្រើនអត់មានបណ្ណ័បើកបរត្រឹមត្រូវ កម្មករត្រូវបង្ខំចិត្តធ្វើការនៅពេលយប់ ដូច្នេះរថយន្តចាស់មិនមានភ្លើងបំភ្លឺគ្រប់គ្រាន់ អ្នកបើកបរខ្វះជំនាញ និងផ្ទុកលើសចំណុះ និងការអនុវត្តច្បាប់ចរាចរណ៍ពុករលួយផង ទើបធ្វើឲ្យមានហានីភ័យខ្ពស់ប្រឈមនិងគ្រោះថ្នាក់ពាក់ពន្ធ័និងកម្មករ។
អ្នកស្រី មឹនមាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា៖«ឆ្លើយតបនិងបញ្ហាខាងលើនេះ យើងកំពុងធ្វើការណែនាំមួយ ដើម្បីរឹតបណ្តឹងឡើងវិញនូវផ្នែកត្រួតពិនិត្យបច្ចេកទេសរថយន្ត សម្រាប់ផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលបើកបរ»។ លោកស្រីបន្តថា យើងនិងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ចេះ ប្រើប្រាស់ផ្លូវដោយជម្រុញឲ្យយុវជនត្រូវពាក់មួកសុវត្ថិភាពនិងអ្នកបើកបរត្រូវតែពាក់ខ្សែរក្រវ៉ាត់ ទាំងខាងមុខនិងអ្នកជិះខាង ក្រោយផងដែរ។
លោកសុខ ណុប ប្រធានផ្នែកនិតិវិធីនៃអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា៖«សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាគោរពច្បាប់ ជាពិសេសអ្នកបើកបរអាជីពដឹកកម្មករសូមមេត្តាគិតគូរឡើងវិញ ព្រោះការដឹកផ្ទុកលើសចំណុះនេះ បើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺហានីភ័យខ្ពស់ណាស់ ព្រោះតែ១ករណីប៉ុណ្ណោះអាចមានមនុស្សស្លាប់និងរបួសច្រើននាក់»។ លោកថា អប់រំគឺជារឿងសំខាន់ណាស់ដែលអាចកាត់បន្ថយកត្តាហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍បាន ហើយក្រោយពីការណែនាំបានបញ្ចប់ទៅ រថយន្តដែលដឹកកម្មករលើសចំណុះអាចប្រឈមនិងការផាកពិន័យផងដែរ។
ដោយ៖ អភិរក្ស