កំពង់ឆ្នាំង ៖ ក្មេងប្រុសពីរនាក់ ត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យក្រុម គ្រួពេទ្យជួយសង្រ្គោះក្រោយពីក្មេងប្រុសទាំង ពីរនាក់នោះត្រូវពស់ចឹកកាលពីវេលាម៉ោយ ៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខណៈពួកគេដើរត្រឡប់មកពីមើលទូរទស្សន៍នៅផ្ទះបងប្អូននៅភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង ។
ប្រភពបញ្ជាក់ថា ពស់ដែលចឹកក្មេងទាំងពីរនេះទំនងជាពស់ពព្លាក់ ឬពស់វែក ព្រោះវាចឹករួចពស់នោះវាទៅណា បាត់។ក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទី១ ឈ្មោះ រុណ ភារុំ អាយុ១៤ឆ្នាំ ទី២ឈ្មោះរុណ សំអង អាយុ ៥ឆ្នាំ ពួកគេត្រូវបានពស់ចឹកប្រអប់ជើងខាងស្តាំ ក្មេងប្រុសទាំងពីរនាក់ មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
តាមការឱ្យដឹងពីរក្មេងប្រុសរងគ្រោះទាំងពីរនាក់បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគេបានដើរទៅមើលទូរទស្សន៍នៅផ្ទះ បងប្អូនក្នុងភូមិ ហើយពេលមើលទូរទស្សន៍ចប់ ក៏មកផ្ទះវិញ ប៉ុន្តែខណៈពួកគេបានធ្វើដំណើរ ត្រឡប់មកវិញ ដល់ពាក់កណ្តាលផ្លូវត្រូវពស់ចឹកក្មេងប្រុសជាបង ធ្វើឲ្យគេរលាស់ជើង ហើយពស់ក៏បាន វាមកចឹកក្មេងប្រុសប្អូនបន្តទៀត ហើយដោយឈឺខ្លាំងពេកពួកគេបានស្រែកយំឱ្យគេឯងជួយ លុះក្រោយហេតុការណ៍ខាងលើនេះ ក្មេងប្រុសទាំងពីរនាក់ រងនូវការឈឺចុកចាប់ ធ្វើឲ្យក្រុមគ្រួសារភ័យ ហើយក៏បញ្ជូនពួកគេមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះតែម្តង។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងទាំងពីរនាក់រងគ្រោះដោយពឹសពស់ខ្លាំងណាស់ ហើយនេះសំណាងណាស់ដែលម្តាយឪពុកប្រញាប់ប្រញល់បញ្ជូនកូនមកមន្ទីរពេទ្យទាន់ពេល ហើយទុកឱ្យហួសរយៈពេល១៦ម៉ោង ក្មេងទាំងពីរនេះអាចរងគ្រោះដល់អាយុជីវិតជាមិនខាន៕ ដោយ៖ មករា