ខេត្តស្ទឹងត្រែង ៖ ជនរងគ្រោះដែលត្រូវគេព្រួតគ្នាវាយនឹងដំបងផុងលលាដ៍ក្បាលហូរឈាមរហូតដល់ ស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ មេសា ២០១៣ ចំណុចគីឡូម៉ែត្រលេខ៣ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានគេសង្ស័យថា ជាឃាតករបាញ់ប្រហារទៅលើស្រ្តីជាបុគ្គលិកធនាគារកាណាឌីយាសាខាកំបូល និងក្មួយប្រុសអាយុជាង១ខួប ស្លាប់ ព្រមទាំងបងស្រីរងរបួសបាក់ជើង។
តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា បន្ទាប់ពីមានការបាញ់ប្រហារ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មេសា នៅក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យស្រ្តីឈ្មោះទិត្យ ធារ៉ា អាយុ២៦ឆ្នាំ និងក្មួយប្រុសជនរងគ្រោះឈ្មោះឡយ យុទ្ធារ៉ា ហៅទិត្យ យុទ្ធារ៉ា អាយុជាង១ខួប ស្លាប់បាត់បង់ជីវិត ព្រមទាំងស្រ្តីម្នាក់ទៀតជាបងស្រីឈ្មោះសន សុម៉ាឡែន អាយុ៣២ឆ្នាំ របួសបាក់ជើង មានគេសង្ស័យថា ឃាតករជាយុវជនម្នាក់រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឈ្មោះវ៉ាន់ ចិត្រា ហៅអូន ភេទប្រុស អាយុ២១ឆ្នាំ ជាជាងជួសជុលម៉ូតូនៅគីឡូម៉ែត្រលេខ៤។
ប្រភពព័ត៌មានបន្តថា ក្រោយពីបាញ់ប្រហាររួច ឃាតករបានមកខេត្តស្ទឹងត្រែង ដែលជាស្រុកកំណើតរបស់ខ្លួន និងដើម្បីទារលុយថ្លៃឈ្នួល ក្នុងហេតុការណ៍បាញ់ប្រហារនៅចំណុចបុរីញូវថោន រាជធានីភ្នំពេញ។ តែស្របពេលជនសង្ស័យជាឃាតករមកទារថ្លៃឈ្នួល ស្រាប់តែមានជនមិនស្គាល់មុខផ្សេងទៀតបានវាយទៅលើជនសង្ស័យរូបនោះ នឹងដំបងផុងលលាដ៍ក្បាលហូរឈាមស្លាប់នៅនឹងកន្លែង ដើម្បីបំបិទមាត់។
លោកដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងនារសៀលថ្ងៃទី១១ មេសា ឆ្នាំ២០១៣ថា ជនរងគ្រោះដែលគេព្រួតគ្នាវាយនឹងដំបង ស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ មេសា ២០១៣ ស្ថិតក្នុងគីឡូម៉ែត្រលេខ៣ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានថ្នាក់លើឱ្យបញ្ជូនរូបថតជនរងគ្រោះទៅអគ្គស្នងការភ្លាមៗ ដោយគេសង្ស័យថា ជនដែលស្លាប់នៅខេត្តស្ទឹងត្រែងជាឃាតករបាញ់ប្រហារលើស្រ្តី២នាក់ និងក្មេងប្រុសម្នាក់កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មេសា នៅក្នុងបុរីញូវថោន រាជធានីភ្នំពេញ៕
ប្រភព៖កោះសន្តិភាព