ភ្នំពេញ៖ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងអភិបាល អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាខណ្ឌពោធិ៍សែនជ័យក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតាមបណ្តាសង្កាត់ជាច្រើននាក់ផងដែរ ។
លោក គិត សុផា អតីតអភិបាលខណ្ឌពោធិ៍សែនជ័យត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញ ហើយលោក ហែម ដារិទ្ធ ដែលជាអភិបាលរងទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ និងលោក ឃឹម ស៊ុនសូដា អតីតមន្រ្តីបម្រើការងារនៅក្រសួងមហាផ្ទៃត្រូវបានប្រកាសតែងតាំងជាអភិបាលរង ខណ្ឌពោធិ៍សែនជ័យ ។ ដូច្នេះខណ្ឌពោធិ៍សែនជ័យមានអភិបាលខណ្ឌ១រូប និងអភិបាលរងខណ្ឌចំនួន៤រូប ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាល អភិបាលរង ខណ្ឌពោធិ៍សែនជ័យនោះថា នេះជាមោទនភាពដ៏ធំធេងដែលថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យចូលរួមចំណែក ស្តារ អភិវឌ្ឍន៍មូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធា្នប់ជូនប្រជាពលរដ្ឋ អនុវត្តតាមការណែនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយការផ្ទេរតំណែងភារកិច្ចនាថ្ងៃនេះគឺជាយុទ្ធសាស្ត្រនៃការប្តូរបទ ពិសោធន៍នៃថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ ។
លោក ម៉ប់ សារិន មានជំនឿថា បន្ទាប់ពីលោកគិត សុផា ត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារនៅសាលារាជធានីភ្នំពេញ ហើយលោក ហែម ដារិទ្ធ អតីតអភិបាលរង ប្រកាសតែងតាំងជាអភិបាលខណ្ឌពោធិ៍សែនជ័យនាពេលនេះ នឹងដឹកនាំការងារប្រកបដោយស្មារតីទទួលខុសត្រូវតាមការដកបទពិសោធន៍ការងារពី អតីតលោកអភិបាលខណ្ឌដែលបានបន្សល់ទុកនូវការផ្តល់ជាដំបូន្មាន ដឹកនាំរហូតទទួលបានជោគជ័យជូនសាលារាជធានីភ្នំពេញក៏ដូចជា ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល។
ការតែងតាំងលោក ហែម ដារិទ្ធជាអភិបាលខណ្ឌពោធិ៍សែនជ័យ នាពេលនេះ ត្រូវបានមន្រ្តីនៅសាលាខណ្ឌទាំងមូលក៏ដូចជា ប្រជាពលរដ្ឋក្នុងខណ្ឌនេះ មានក្តីសាទរយ៉ាងខ្លាំង ដោយសារតែលោក ហែម ដារិទ្ធ ជាមនុស្សសកម្មក្នុងការងារ ចុះជាប់ជាមួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាផ្សេងៗបានទទួលជោគជ័យជាបន្តបន្ទាប់ ដោយលោកមិនប្រកាន់ វណ្ណៈ មិនអើសអើង ហើយមូលហេតុនេះ ហើយដែលធ្វើឱ្យមន្រ្តីថ្នាក់ក្រោមចូលចិត្ត៕
ដោយ៖ ភីនរ៉ា