ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ០៤ និងទី០៥ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ សាលារាជធានីភ្នំពេញកាលពីចុងសប្តាហ៍នេះបានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ម្ចាស់រថយន្តឈ្មួល និងរថយន្តក្រុងទាំងអស់ឲ្យរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញតាមបណ្តាខេត្តឲ្យស្ថិតក្នុងតម្លៃដដែល។នៅក្នុងសេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញបានលើកឡើងថា ជារៀងរាល់ឆ្នាំនៅឱកាសបុណ្យភ្ជំបិណ្ឌព្រៃណីជាតិ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីមួយចំនួន តែងតែធ្វើដំណើរទៅស្រុកកំណើត ដោយជិះរថយន្តឈ្នួលនិងរថយន្ត ក្រុង។ ប៉ុន្តែជាមួយគ្នានេះ ប្រជាពលរដ្ឋមានការត្អូញត្អែរថ្នាំងថ្នាក់ ចំពោះការតម្លើងថ្លៃឈ្នួលរថយន្តហួសហេតុ ដែលធ្វើឲ្យបងប្អូនមួយចំនួនសុខចិត្តជិះប្រជ្រៀតគ្នាលើសចំណុះ ឬជិះលើដំបូលរថយន្ត ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុតាមផ្លូវធ្វើដំណើរ។
ដោយសារតែហេតុផលនេះហើយ ទើបសាលារាជធានីភ្នំពេញអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញតាមបណ្តាខេត្តនានាទាំងអស់ កុំតម្លើងថ្លៃឈ្នួលរថយន្តនៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិនេះ។សម្រាប់ការអំពាវនាវរបស់សាលារាជធានីភ្នំពេញនេះ លោក ថោង សុវណ្ណ តំណាងក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធមុនី បានឲ្យដឹងថា សម្រាប់ពេលនេះក្រុមហ៊ុនរបស់លោកនៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ប៉ុន្តែសម្រាប់ឱកាសភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនលោកអាចនឹងតម្លើងថ្លៃ ដោយយោងទៅលើស្ថានភាពជាក់ស្តែង ពោលគឺបើក្រុមហ៊ុនដទៃតម្លើងថ្ងៃដែរនោះ។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ និងគ្រប់រដូវបុណ្យជាតិធំៗ សាលារាជធានីភ្នំពេញតែងតែចេញសេចក្តីជូនដំណឹង និងអំពាវនាវឲ្យម្ចាស់រថយន្តឈ្នួលទាំងអស់កុំឲ្យតម្លើងថ្លៃរថយន្ត ប៉ុន្តែជាក់ស្តែងរថយន្តឈ្នួល ក៏ដូចជារថយន្តក្រុងនៅតែតម្លើងថ្លៃមួយទ្វេរជាពីរ ដោយមិនមានការចាត់វិធានការទប់ស្កាត់ឡើយ៕
ដោយ៖ ស.ស្អាត