ភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈសប្តាហ៍នេះគឺជាគម្រោងជំនួបលើកទី២រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ ជាជំនួបដែលមានសមាសភាពម្ខាង៦នាក់ ដើម្បីបង្កើតគណៈកម្មការចម្រុះ សិក្សាស្រាវជ្រាវលើកំណែទម្រង់ស៊ីជម្រៅនៃការបោះឆ្នោតទាំងមូល។ហើយជំនួបលើកទី២នេះភាគីម្ខាងៗមានសមាសភាពតែ៦នាក់តែប៉ុណ្ណោះ។
លោក សុន ឆ័យ ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ មានបានឱ្យដឹងថា គណបក្សរបស់លោកកំពុងតែរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ថាតើគណបក្សកាន់អំណាច នឹងយល់ព្រមសំរេចយកថ្ងៃទី ២៧ កុម្ភៈ ជាជំនួបលើកទី២ ជាផ្លូវការតាមសំណើរបស់គណបក្សប្រឆាំងដែរ ឬយ៉ាងណា។
ចំណែកឯ មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ដែលជាសមាសភាពចរចាម្នាក់ដែរនោះ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺកំពុងតែទន្ទឹងរង់ចាំជំនួបលើកទី២នេះ។
ប៉ុន្តែ លោកនៅមិនទាន់បានចំណារសំរេចជាផ្លូវការពីថ្នាក់ដឹកនាំកំពូល គណបក្សនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សទាំងពីរបានបន្ថែមថា រាល់កំណែទម្រង់ណាមួយក៏ដោយ ត្រូវស្របតាមច្បាប់របស់កម្ពុជា ប៉ុន្តែមិនទាត់ចោលនូវអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះទេ។
លោក សុន ឆ័យ ប្រធានក្រុមចរចាគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំងផ្សាយជាខេមរៈភាសាថា គណបក្សសង្រ្គោះជាតិ បានដាក់សំណើសុំជួបចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយគណបក្សសង្រ្គោះជាតិ ក៏កំពុងរង់ចាំការឆ្លើយតបពីគណបក្សកាន់អំណាចផងដែរ។តាមការគ្រោងទុកជំនួបចរចាជាថ្មីនិយាយពីកំណែទម្រង់បោះឆ្នោតមានសមាសភាពចូលរួមពិភាក្សាម្ខាង៦នាក់ ក្នុងនោះភាគីខាងគណបក្សប្រជាជនកម្ពុជា មាន ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។
យោងតាមការផ្សាយរបស់វិទ្យុមួយនេះ បានដកស្រង់សម្តីរបស់លោក សុន ឆ័យ និងលោក ជាម យៀប មកបញ្ជាក់ថា កិច្ចពិភាក្សា នឹងនិយាយពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិតស្តង់ដារ នៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្មច្បាប់រដ្ឋធម្ម នុញ្ញ និងលក្ខន្តិកៈមួយចំនួនផងដែរ។
ជំនួបចរចានិយាយពីកំណែទម្រង់នៃការបោះឆ្នោតរវាងគណបក្ស ដែលទទួលបានអាសនៈនៅក្នុងសភាទាំងពីរ បានធ្វើឡើងម្តងមកហើយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដោយភាគីទាំងបានព្រមព្រៀងលើលក្ខ ខណ្ឌចំនួន៣ចំណុចរួចមកហើយរួមមាន៖
ទី១-ស្នើបង្កើតគណៈកម្មការចម្រុះ មួយ ដោយមានសមាសភាពស្មើគ្នាមកពី គណបក្សដែលមានអាសនៈក្នុងរដ្ឋ សភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែ ទម្រង់ ការបោះឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍ នៃ លទ្ធិប្រជាធិប តេយ្យ និងនីតិរដ្ឋ សំដៅធានាឱ្យការបោះ ឆ្នោតប្រព្រឹត្ដទៅ ដោយសេរី ត្រឹមត្រូវ និង យុត្ដិធម៌។
ទី២-ដើម្បីរៀបចំក្របខណ្ឌ កំណែទម្រង់ការបោះឆ្នោត គណៈកម្មការចម្រុះ ត្រូវរៀបចំឱ្យមានសិក្ខាសាលាជាតិ មួយ ដើម្បីបើកទូលាយ ឱ្យមានការចូលរួម យោបល់ និងអនុសាសន៍នានាពីសំណាក់ មជ្ឈ ដ្ឋានជាតិ និងអន្ដរជាតិ រួមទាំងដៃគូ អភិវឌ្ឍន៍ គណបក្សនយោបាយដែលបានចុះបញ្ជីសង្គមស៊ីវិល ដែល មានជំនាញលើការ ងារបោះ ឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ ។
ទន្ទឹមនេះត្រូវបង្កលក្ខណៈ ឱ្យមានការចូល រួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់មតិយោបល់ សម្រាប់ការកែទម្រង់ការបោះឆ្នោត ជាអាទិ៍ តាមរយៈ វេទិកាសាធារណៈ និង ទី៣-ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឱ្យមាន ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូ អភិវឌ្ឍន៍ និងអង្គការជាតិ និងអង្គការអន្ដរជាតិនានា។
ប្រធានអង្គកាសិទ្ធិមនុស្សអាដហុក លោកធន សារ៉ាយ បានសម្តែងការអបអរសាទរ ចំពោះការចូលតុចរចាជាបន្តទៀត រវាងគណបក្សជម្លោះទាំងពីរ។ ហើយថា ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរនឹងអាចដោះស្រាយបានជា បន្តបន្ទាប់តាមរយៈការចរចា៕ ដោយ៖ ភីន រ៉ា