រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងច្បាស់ថាអង្គព្រះមហាក្សត្រទ្រង់គង់ជានិមិត្ដរូបនៃឯកភាពជាតិ និរន្ដរភាពជាអ្នកធានាឯកភាពជាតិអធិបតេយ្យបូរណភាពទឹកដីនិងជាអ្នកធានានូវការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបមិនអាចនរណារំលោភបំពានបានឡើយ។ពេលថ្មីៗនេះក្រុមបក្សប្រឆាំងមួយក្តាប់តូចបានបដិសេធ មិនចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភាលើកដំបូងដែលបានគ្រោងទុកនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣នោះបានរិះគន់លាយឡំនឹងពាក្យពេចន៍ប្រមាថខ្លះលើអង្គព្រះមហាក្សត្រដែលពួកគេយល់ថាព្រះមហាក្សត្របង្ខំសមាជិកសភាជាប់ឆ្នោតរបស់គណបក្សខ្លួនឱ្យចូលប្រជុំ។ទង្វើគ្មានការគោរពច្បាប់របស់ពួកគេក្នុងបំណងទាមទារអំណាចនៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិនោះ មិនគួររាលដាលដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនោះឡើយ។សេចក្តីស្រេចឃ្លានអំណាចរបស់ពួកគេត្រូវមហាជនមើលឃើញថាមិនមែនដើម្បីឆន្ទៈម្ចាស់ឆ្នោតនោះទេ គឺគេធ្វើដើម្បីអំណាចបក្សពួកគេមួយក្តាប់តូចរបស់គេតែប៉ុណ្ណោះ។ក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយដោយបានកត់សម្គាល់ឃើញថាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបានជ្រុលជ្រួសនាំឱ្យប៉ះពាល់ដល់ព្រះកិត្ដិនាមព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិយើង។ជាការពិតសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវបានធានាដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ,ច្បាប់និងការប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ក៏ប៉ុន្ដែការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្ដតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ជាពិសេសមិនត្រូវប៉ះពាល់ដល់ស្ថាប័នជាតិនិងអង្គព្រះមហាក្សត្រជាដាច់ខាត។
អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈទ្រង់បានបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្ដមជាបន្ដបន្ទាប់ឆ្លុះបញ្ចាំងនូវព្រះរាជគោលបំណងដ៏ខ្ពង់ខ្ពស់បំផុតដើម្បីរក្សាសន្ដិសុខសន្ដិភាពស្ថិរភាពនិងមានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយបញ្ហាប្រទេសជាតិដើម្បីធានាការប្រព្រឹត្ដទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។គណបក្សប្រជាជនកម្ពុជាបានប្រកាសអំពីការចូលប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣នេះ ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែមិនទាន់បង្ហាញជំហរច្បាស់លាស់ ក្នុងការចូលរួមប្រជុំតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រនោះនៅឡើយទេ។ គឺមានន័យថាមិនបានសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដែលព្រះអង្គទ្រង់ជានិមិត្ដរូបនៃឯកភាពជាតិនិងនិរន្ដរភាពនោះឡើយ។មួយវិញទៀតមិនត្រឹមតែមិនដង្ហែតាមព្រះមហាក្សត្រប៉ុណ្ណោះទេបែរបណ្តោយឲ្យជនមួយក្តាប់តូចបានប្រើពាក្យពេចន៍ចាក់ដោតដៀមដាមទៅលើអង្គព្រះមហាក្សត្រថែមទៀត។តើទង្វើបែបនេះប្រជាពលរដ្ឋវិនិច្ឆ័យបែបណាចំពោះជំហររបស់បក្សប្រឆាំងលើស្ថាប័នរាជបល្ល័ង្កហើយបើសិនគណបក្សនេះបានដឹកនាំប្រទេសវិញនោះ តើរបបរាជានិយមទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?។ក្រុមយុវជនជាសិស្សនិស្សិត បានសម្តែងនូវការខកចិត្ត ចំពោះទង្វើមិនគោរពរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈនៃប្រជារាស្រ្តខ្មែរទូទាំងនរគ របស់បុគ្គលស្រេចឃ្លានអំណាចមួយចំនួនតូចបានធ្វើ ដោយមិនតម្កល់ប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋជាធំនោះ។ ពួកគេបានសម្តែងនូវការថ្កោលទោសចំពោះមេដឹកនាំបក្សប្រឆាំងហើយស្នើរជាថ្មីឲ្យគណបក្សសង្គ្រោះជាតិគិតពីប្រយោជន៍ជាតិជាធំ និងគោរពស្ថាប័នព្រះរាជបល្ល័ងជាស្ថាប័នកំពូលជាទីសក្ការៈ ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាតិគ្រប់ៗរូប។ពិសេសគឺត្រូវតែចូលប្រជុំក្នុងរដ្ឋសភាក្រោមព្រះរាជវត្ដមានព្រះមហាក្សត្រដើម្បីបញ្ជាក់ឲ្យពិភពលោកទាំងមូលមើលឃើញពីការឯកភាពជាតិក្រោមដំបូលតែមួយគឺរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ៕ដោយ៖ សស្អាត