ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បី២នាក់បានវាយតប់គ្នាព្រោះតែគំនុំរឿងដណ្តើមម៉ូយគ្នាកើតជាជម្លោះប្តឹងផ្តល់គ្នាធ្វើឲ្យផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍វាលវង់មកអន្តរាគមន៍ តែភាគីទាំងសងខាងមិនព្រមសម្របសម្រួលនៅកន្លែងកើតហេតុក៏ លើកគ្នាមកតវ៉ាមុខស្នាក់ការប៉ុស្តិ៍ដើម្បីរកត្រូវរៀងៗ ខ្លួន ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបាន កើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅមុខផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករាបង្កឲ្យមានអ្នកធ្វើដំណើរនិងអ្នករស់នៅក្នុងសង្កាត់វាល់វង់ចេញមកចោមរោមមើលយ៉ាងច្រើន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថា ករណីខាងលើនេះគឺជារឿងគំនុំដោយសារអ្នករត់ម៉ូតូកង់បី២នាក់បាន ឈ្លោះប្រកែកគ្នារឿងដណ្តើមម៉ូយឈានដល់ការគុំកួនគ្នា រហូតដល់ម៉ោងកើតហេតុខាងលើភាគីទាំង២បានវាយតប់គ្នាក្នុងគោលបំណ ងសងសឹក និងក្រោយកំហឹងចេញពីខ្លួនផង ។
ប្រភពព័ត៌មានបានបន្តថា ការឈ្លោះគ្នាបានឈានដល់ការវាយតប់គ្នា ធ្វើឲ្យភាគីទាំងសងខាងរករឿងប្តឹងផ្តល់គ្នាថែមទៀតផង ។ពេលនោះសមត្ថកិច្ចប៉ុស្តិ៍វាលវង់ក៏បានចុះមកអន្តរាគមន៍នាំភាគីជន រងគ្រោះ និងជនបង្កទាំង២នាក់ទៅនគរបាលប៉ុស្តិ៍វាលវង់ដើម្បីដោះស្រាយ និងសម្របសម្រួលគ្នា ។ ពេលទៅដល់ប៉ុស្តិ៍ហើយភាគីទាំង២មិនព្រមសម្របសម្រួលគ្នាទេ ដោយភាគីអះអាងថា ជនរងគ្រោះទារថ្លៃសំណង១០០ដុល្លារ ប៉ុន្តែភាគីម្ខាងទៀតនិយាយថា គេគ្មានកំហុសនោះទេ រឿងនេះគឺមានទៅមានមកទះដៃម្ខាងមិនឮនោះទេ Sic ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ វាលវង់បានឲ្យដឹងថា ពេលដែលភាគទាំង២មិនព្រមសម្របសម្រូលគ្នានោះ ពួកគេបានហៅអ្នករត់ម៉ូតូកង់បីឲ្យជួយគាំទ្ររៀងៗខ្លួន ធ្វើឲ្យមានអ្នករត់ម៉ូតូកង់បីប្រមាណ២០ទៅ៣០ម៉ូតូបានមកចតនៅមុខប៉ុស្តិ៍នគរបាលវាលវង់ដើម្បីតវ៉ា និងគាំទ្រភាគីម្ខាងៗទោះបីសមត្ថកិច្ចខំសម្របសម្រួលឲ្យមានការរំសាយដោយទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយក៏ដោយ ។
រហូតដល់ម៉ោង១០យប់ ថ្ងៃទី១៥ ខែមីនា ក្រុមអ្នករត់ម៉ូតូកង់បីនៅមិនទាន់រំសាយនៅឡើយទេ ដោយនៅបន្តតវ៉ា និងទាមទារឲ្យសមត្ថកិច្ចទទួលពាក្យបណ្តឹង និងតវ៉ាមិនឲ្យភាគីជនបង្កបង់សំណងជំងឺចិត្តឡើយ ដោយពួកគេអះអាងថា ករណីខាងលើគឺជនបង្កក៏ជាជនរងគ្រោះដែរ ប៉ុន្តែសមត្ថកិច្ចកំពុងសម្របសម្រូលនៅឡើយ។
អ្នកឈរមើលនិងតាមដានសភាពការណ៍នោះបានបញ្ចេញជាគំនិតថា បើពួកគេម្ខាងៗសុទ្ធតែទាមទារយកត្រូវរៀងៗខ្លួន ហើយសុទ្ធតែអះអាងជាជនរងគ្រោះទាំងអស់នោះ យកល្អសមត្ថកិច្ចឃាត់ខ្លួនទាំង២ភាគីរួចក៏សាងសំណុំរឿងបញ្ចូនទៅតុលាការពីបទបង្ករបួសស្នាមទៅវិញទៅមក ពេលនោះទើបពួកគេអាចភ្ញាក់ខ្លួន ព្រោះដឹងថា មានទោសដូចៗគ្នា៕ ដោយ៖ ភីន រ៉ា