ភ្នំពេញ : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ប្រតិភូក្រុមហ៊ុនមូលបត្រ ហៃ ថុង អន្តរជាតិ នៃសាធារណៈរដ្ឋចិន ថា ប្រព័ន្ធហិរញ្ញវត្ថកម្ពុជា មានលក្ខណៈបើកចំហពោលគឺមិនមានការដាក់កំហិតឬរើសអើងចំពោះ វិនិយោគិនបរទេសឡើយ ។ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូក្រុមហ៊ុនមូលបត្រ ហៃ ថុង អន្តរជាតិ នៃសាធារណៈរដ្ឋចិនដែលដឹកនាំដោយលោក លីន យ៉ុង (Mr. Lin Yong) អនុប្រធានក្រុមប្រឹក្សាភិបាលនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៍បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា និងប្រព័ន្ធហិរញ្ញវត្ថកម្ពុជា មានលក្ខណៈបើកចំហរ ពោលគឺមិនមានការដាក់កំហិតឬរើសអើងចំពោះ វិនិយោគិនបរទេសឡើយ ។
ជាមួយគ្នានេះដែរ ការអភិវឌ្ឍវិស័យហិរញ្ញរវត្ថុរបស់ព្រះរាជាណាចក្រមកម្ពុជាកន្លងមក ផ្អែកលើផែនការច្បាស់លាស់ពោលគឺ “ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០១-២០១០” ដែលបានធ្វើបច្ចុប្បន្នកម្ម ជា“យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥” និងបច្ចុប្បន្នជា “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០” ដែលជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធនាគារ វិស័យធានារ៉ាប់រង វិស័មូលបត្រ និងវិស័យហិរញ្ញវត្ថុផ្សេងទៀត។ ផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងនិងដាក់អោយដំណើការនៅខែមេសា ឆ្នាំ២០១២ ដែលមានក្រុមហ៊ុនរដ្ឋតែមួយគត់បានបោះផ្សាយលក់មូលបត្រ ជាសាធារណៈនិងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា។លោក លីន យ៉ុង មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានបំណងពង្រីក ប ណ្តាញធុរកិច្ចមូលបត្រនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន ជាពិសេស នៅព្រះរាជាណាចក្រកម្ពុជាដែល ទើបតែបង្កើតផ្សារមូលបត្រថ្មីៗនេះ ហើយក្រុមហ៊ុនពិនិត្យឃើញថា កម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ចបានឆាប់ រហ័ស និង នេះជាកាលានុវត្តភាពល្អបំផុតសម្រាប់ការចាប់ផ្តើម ធុរកិច្ចមូលបត្រនៅកម្ពុជា។ចំពោះដំណើទស្ស នកិច្ចរបស់លោកនៅពេលនេះមានគោលបំណងស្វែងយល់អំពីស្ថានភាពទីផ្សារមូលបត្រ ក៏ដូចជាការស្នើសុំការគាំទ្រចំពោះអត្ថិភាពធុរកិច្ចមូលបត្ររបស់ក្រុមហ៊ុននាពេលអនាគត។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់គណៈប្រតិភូក្រុមហ៊ុនចិនោះថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ពិតជាមានពិតប្រាកដមែន ជាក់ស្តែង ក្នុងឆ្នាំ២០១២ ផលិតផលក្នុងស្រុកសរុប (GDP)បានកើនដល់ ៧.៣%ហើយនៅក្នុងឆ្នាំ២០១៣នេះសង្ឃឹមថានឹងមានកំណើនដល់ ៧.៥% ឬ ៧.៦% ជាមួយគ្នានេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមច្រើនទៀតដែលត្រូវបន្តដោះស្រាយដូចជា តម្លៃអគ្គិសនី និងដឹកជញ្ជូននៅមានថ្លៃខ្ពស់នៅឡើយជាដើម ហើការណ៍នេះតម្រូវអោយកម្ពុជាត្រូវធ្វើពិពិធភាវូបនីយកម្មសេដ្ឋកិច្ចបនែ្ថមទៀត ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូថា ចក្ខុវិស័យរយៈពេលមធ្យម និងរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅឆ្នាំ២០៣០ កម្ពុជានឹងប្រែក្លាយខ្លួនជាប្រទេសមានចំណូល មធ្យមកំរិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយឈរលើមូលដ្ឋានផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ច្បាស់លាស់ ៕ ដោយ ៖ គង់ រតនា