ខេត្តបន្ទាយមានជ័យ៖ លោក ប៉ុក ម៉ាននី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងកាលពីថ្ងៃអង្គារថា ការធ្វើចរាចរណ៍ផលិតផលក្លែងក្លាយ រួមទាំងឱសថ ដែលឈ្មួញលួចនាំពីក្រៅ ចូលមកប្រទេសកម្ពុជាគឺ«ជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋ» ដូច្នេះសមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថ ភាពមន្ត្រី នៃសមាជិកគណៈកម្មាធិការអន្តរក្រសួង ដើម្បីស្រាវជ្រាវស៊ើបអង្កេតរក ផលិតផលក្លែងក្លាយ ដែលបង្កឲ្យមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពនៅកម្ពុជា។
នៅក្នុងពិធីបណ្ដុះបណ្ដាលមួយ ស្ដីពីការពង្រឹងសមត្ថភាពសមាជិកគណៈកម្មាធិការអន្តរក្រសួង ដើម្បីស្រាវជ្រាវស៊ើបអង្កេតផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពនៅកម្ពុជា ដែលរៀបចំធ្វើឡើងក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅសណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកប៉ុក ម៉ាននី បានស្នើទៅដល់កម្លាំង នៃអង្គភាពពាក់ពន្ធ័ទាំងអស់ ត្រូវយកចិត្តទុកដាក់រួមកម្លាំងគ្នា ដើម្បីទប់ស្កាត់ការធ្វើចរាចរណ៍ឱសថក្លែងក្លាយ តាមច្រករបៀងនានា មកក្នុងទឹកដីប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា៖«ឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយដទៃទៀត មានដូចជា៖ គ្រឿងបរិភោគស្រាជាដើមនេះ គឺជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋខណៈពេលដែលពួកគេយកទៅទទួលទានក្នុងតម្លៃថោក»។
គេសង្កេតឃើញថា នៅក្នុងខេត្តបន្ទាយមានជ័យគឺជាច្រកសំខាន់មួយ ដែលឈ្មួញអាចនាំចូលនូវឱសថនិង គ្រឿងបរិភោគក្លែងក្លាយ មានដូចជាផលិតផលស្រានិងថ្នាំជាច្រើនប្រភេទផងដែរ ដែលនេះគឺជាការចរាចរណ៍មួយនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដូច្នេះតម្រូវអោយសមាជិកគណៈកម្មាធិការអន្តរក្រសួងទាំងអស់ ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីផ្ដល់ភាពទុកចិត្តជូនប្រជាពលរដ្ឋឲ្យទទួលបានសុខភាពល្អប្រសើរឡើង។
លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា នេះគឺជាវគ្គបណ្តុះបណ្តាលមួយតាមបែបអន្តរជាតិ ព្រោះមានគ្រូជំនាញបច្ចេកទេសមកពីអឺរ៉ុប និងអាស៊ី បានមកចូលរួមចែករំលែកចំណេះដឹង ដល់សិក្ខាកាម ដែលបានចូលរួមជាពិសេសសមត្ថកិច្ចដែលជាមន្ត្រីពាក់ព័ន្ធ នៅក្នុងខេត្តបន្ទាយមានជ័យនេះតែម្តង។ លោកថា៖«យើងត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ដើម្បីយកទៅអនុវត្តក្នុងការត្រួតពិនិត្យផលិតផលនានាដែលនាំចូលពីក្រៅប្រទេសឬការផលិតនៅក្នុងប្រទេសដែលគ្មានច្បាប់អនុញ្ញាតផងដែរ»។
ក្នុងការបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមពិភាក្សាចែករំលែកបទពិសោធន៍ ក្នុងការប្រឆាំងនឹងផលិតផលក្លែងក្លាយ តាមរយៈការធ្វើបទបង្ហាញពីតួនាទី និងបច្ចេកទេសធ្វើតេសឱសថគំរូ និងការទទួលខុសត្រូវរបស់ស្ថាប័ននិមួយៗ សម្រាប់ប្រយុទ្ធប្រឆាំងនិងផលិតផលក្លែងក្លាយ ដែលកំពុងធ្វើការរត់ពន្ធ។ ដោយ៖ អភិរក្ស