ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបជាមួយលោកលាវយន់ហ្សានសមាជិកការិយាល័យនយោបាយនិងជាសមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសចិនដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្តេចតេជោបានអោយដឹងថាក្នុងជំនួយនាល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៣នៅវិមានសន្តិភាពនៅក្នុងជំនួបនោះលោកLiu Yunshanបានជំរាបសម្តេចអំពីការពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិនជូនចំពោះសម្តេចតេជោហ៊ុនសែន។
លោកLiu Yunshan បានបន្តថាឆ្នាំនេះគឺជាខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជាចិន។លោកបានលើកឡើងថាដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ក៏ដូចជាការបង្ហាញគោលជំហររបស់បក្សកុម្មុយនីសចិនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន។ជាការឆ្លើយតបសម្តេចតេជោហ៊ុនសែនបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិនហើយសម្តេចក៏បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីសចិនដែលតែងតែគាំទ្របុព្វហេតុសន្តិភាពនិងការអភិវឌ្ឍន៍របស់កម្ពុជានិងបានអនុញ្ញាតអោយយុវជនកម្ពុជាបានទៅសិក្សានៅប្រទេសចិននិងជំរុញសម្ព័ន្ធភាពរវាងខេត្តនិងខេត្តនៃប្រទេសទាំងពីរ។លោកអ៊ាងសុផល្លែតបានបញ្ជាក់ថានៅក្នុងជំនួបនោះភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យសេដ្ឋកិច្ចវិនិយោគនិងទេសចរណ៍៕ដោយ៖ ស.ស្អាត