ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ដើមឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសកម្ពុជា គឺមានប្រមាណជាង ២,៩៥ ពាន់លានដុល្លារ ដោយបានកើនឡើង៩ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣ ដែលមានតែចំនួន ២,៧ ពាន់លានដុល្លារយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញដែលគិតជាទឹកប្រាក់ប្រមាណជា ១,២៨ ពាន់លានដុល្លារ កើនឡើង ១៣ ភាគរយធៀបទៅនឹងឆ្នាំ២០១៣ ខណៈពេលដែលការនាំចូលក៏បានកើនឡើង ៦ ភាគរយ គិតជាទឹកប្រាក់ប្រមាណជា ១,៦៧ ពាន់លានដុល្លារ។ទំហំពាណិជ្ជកម្មនេះបានធ្វើឲ្យឱនភាព ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានប្រមាណជា ៣៩០ លានដុល្លារក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។
ដោយឡែក កាលពីឆ្នាំ២០១៣ កន្លងទៅនេះពាណិជ្ជកម្មកម្ពុជាមានទំហំសរុបប្រមាណជា ១៥,៨៩ ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញមានទំហំប្រមាណជាង ៦,៩ ពាន់លានដុល្លារ ខណៈពេលដែលការនាំចូលមានចំនួនជាង ៨,៩ ពាន់លានដុល្លារ។
សូមជម្រាបថា ផលិតផលនាំចេញសំខាន់ៗមានដូចជា៖ សំលៀកបំពាក់ ស្បែកជើង កៅស៊ូស្ងួត អង្ករ និងដំឡូងមី។ កម្ពុជាក៏បាននាំចូលនូវប្រភេទទំនិញសំខាន់ៗមួយចំនួន ដូចជា ប្រេងសាំង វត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងរោងចក្រកាត់ដេរ គ្រឿងសំណង់ រថយន្ត ម៉ូតូ ផលិតផលគ្រឿងសំអាង និងបរិក្ខារពេទ្យជាដើម៕ដោយៈ ភីន រ៉ា