ភ្នំពេញ ៖ បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសហគមន៍បឹងកក់ដែលដឹកនាំដោយអ្នកស្រីទេព វន្នីដង្ហែក្បួនទៅកាន់តុលាការកំពូលដែលមានទីតាំងនៅខាងត្បូងព្រះបរមរាជវាំងស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញក៏ដោយនៅព្រឹកថ្ងៃទី៤ កញ្ញា ២០១៣នេះប្រជាពលរដ្ឋបឹងកក់ប្រមាណជា១០០នាក់ពាក់អាវយឺតដៃខ្លីមានអក្សរអង់គ្លេស ខាងក្រោយមានរូបផ្កាឈូកនិងពាក់មួកក្រដាស់នៅលើក្បាលមានរូបថតអ្នកស្រី យ៉ោម បុប្ផាបាននាំគ្នាទម្លុះរនាំងដែករបស់សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថដែលព្យាយាមរារាំងមិនឱ្យចាកចេញពីតំបន់បឹងកក់ហើយបានប្រមូលផ្តុំគ្នានៅមុខនាឡិការមណីយដ្ឋានវត្តភ្នំរួចដង្ហែក្បួនទៅកាន់តុលាការកំពូលដើម្បីសុំឱ្យតុលាការកំពូលដោះលែងអ្នកស្រីយ៉ោមបុប្ផាដែលត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
នៅមុខតុលាការកំពូលប្រជាពលរដ្ឋសហគមន៍បឹងកក់បាននាំក្នាលើកបដាពាក្យនិងបានបង្ហោះប៉េងប៉ោងពណ៌សលើកដៃបួងសួងសុំឱ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា ដែលគេអះអាងថា ជាសកម្មជនដីធ្លី។ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីជាង៣០០នាក់ នៅព្រឹកថ្ងៃពុធនេះបានដង្ហែរក្បួនពីវត្តភ្នំ មកតុលាការកំពូល ទាមទារឲ្យស្ថាប័នមួយនេះដោះលែងសកម្មជនដីធ្លីអ្នកស្រីយ៉ោម បុប្ផាដែលបានជាប់ពន្ធនាគារមួយឆ្នាំមកហើយ។ការចេញមុខដង្ហែរតវ៉ាក្រោយការបោះឆ្នោតនេះធ្វើឡើងចំពេលគម្រប់មួយឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី។ប្រជាសហគមន៍ទាំងនោះ មានដូចជាសហគមន៍បឹងកក់បុរីកីឡា ថ្មគោលនិងសហគមន៍ផ្សេងៗទៀត។
អ្នកតវ៉ា បានពាក់មួកដែលមានរូបអ្នកស្រីយ៉ោម បុប្ផា ហើយពួកគេបានស្រែកឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា។ កម្លាំងសមត្ថកិច្ចបានសម្រួលចរាចរណ៍សម្រាប់ការដង្ហែររបស់អ្នកបឹងកក់។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដោយផ្តន្ទាទោសសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោមបុប្ផា ដាក់ពន្ធនាគារបីឆ្នាំ ប៉ុន្តែព្យួរទោស១ឆ្នាំនិងបង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀលទៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបពីរអ្នក។សាលាឧទ្ធរណ៍បានប្តូរបទចោទអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាមទៅបទផ្តើមគំនិតហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់តាមមាត្រា២៨នៃក្រមព្រហ្មទណ្ឌថ្មី។អង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យដោះលែងអ្នកស្រីជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
ក្រុមអ្នកភូមិ ដឹកនាំដោយអ្នកស្រី ទេព វន្នី បានដើរហែក្បួន ពីវត្តភ្នំទៅកាន់តុលាការកំពូល ដែលស្ថិតនៅខាងត្បូង ជាប់ព្រះបរមរាជវាំង។ក្រុមអ្នកភូមិ បានប្រមូលផ្តុំ នៅមុខតុលាការ ស្រែកមេក្រូ ស្វែងរកយុត្តិធម៌និងទទូចស្នើឲ្យតុលាការ ដោះលែងអ្នកស្រី យ៉ោម បុប្ផា។ប៉ុន្តែការជួបជុំរបស់ភូមិបឹងកក់ នៅព្រឹកនេះ មិនមានលើកបដាដូចពេលមុនៗទេ។អ្នកស្រី ទេព វន្នី អះអាងថា ក្រុមអ្នកភូមិ ត្រូវបានអាជ្ញាធររារាំងនិងចាប់ដកហូតយកបដា ដែលបម្រុង នឹងនាំមកចូលរួមពិធីជួបជុំ នៅព្រឹកនេះ។ពាក់ព័ន្ធនឹងករណីអ្នកស្រី យ៉ោម បុប្ផា គម្រប់ ១ ឆ្នាំ ដែលត្រូវជា ៣៦៥ ថ្ងៃ អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងការណ៍ បញ្ជាក់ជាថ្មីថា តុលាការផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ខ្វះភស្តុតាងជាក់លាក់ ដើម្បីធ្វើការចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងករណីវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់៕
ដោយ ៖ សស្អាត