ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជាជាង៧០០នាក់ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពីអំឡុងឆ្នាំ១៩៩២មក។ ដោយឡែកនៅឆ្នាំ២០១៣
ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន៣៦នាក់លើសឆ្នាំ២០១២ចំនួន៨នាក់ក្នុង
មាននិស្សិតស្រីចំនួន៨នាក់ផងដែរ។
និស្សិតទាំង៣៦រូបមាននិស្សិតជាប់អាហារូបករណ៍ផ្នែកស្រាវជ្រាវមាន១១នាក់និស្សិតថ្នាក់មហាវិទ្យាល័យ
បច្ចេកទេស១៣រូប និង១២រូបទៀតជានិស្សិតថ្នាក់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ រយៈពេលសិក្សាមាន
ចាប់ពី២កន្លះឆ្នាំដល់៤ឆ្នាំហើយពួគគេនឹងចាកចេញទៅជប៉ុននៅដើមខែក្រោយនេះ។
លោក គូម៉ាម៉ារុ យូជិ(Kumamaru Yuji)ឯគអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ក្នុងពិធីជប់លៀង
ជូនដំណើរនិស្សិតកម្ពុជាដែលប្រឡងជាប់អាហារូបករណ៍ឆ្នាំ២០១៣រាត្រីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៣នា
សណ្ឋាគារសាន់វ៉េថា គោលបំណងនៃការផ្តល់អាហារូបករណ៍នេះគឺដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់
ជួយអភិវឌ្ឍនិងកសាងប្រទេសទាំងវិស័យឯកជននិងសាធារណៈ។
លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩២មករដ្ឋាភិបាលជប៉ុនបានផ្តល់
អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាមុខជំនាញផ្សេងៗនៅប្រទេសជប៉ុនជាង៧០០នាក់។
ឆ្នាំនេះនិស្សិត ៣៦នាក់បានប្រឡងជាប់អាហារូបករណ៍ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុង
រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
លោកគូម៉ាម៉ារុ យូជិ បានសម្តែងនូវក្តីសង្ឃឹមថាពេលត្រឡប់មកកម្ពុជាវិញក្រោយបញ្ចប់ការសិក្សានៅ
ជប៉ុននោះនិស្សិតទាំងអស់នឹងដើរតួជាទ្រព្យសម្បត្តិដ៏មានតម្លៃនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជា
ស្ពានមិត្តភាពដ៏រឹងមាំមួយភ្ជាប់ប្រទេសទាំងពីរ។
លោកស្រី ភឿង សកុណារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងថា ជារៀងរាល់ឆ្នាំ
និស្សិតប្រឡងជាប់អាហារូករណ៍ទៅសិក្សានៅជប៉ុនតែ១០ទៅជាង២០នាក់ប៉ុណ្ណោះតែឆ្នាំ២០១៣
នេះបានកើនឡើងដល់៣៦រូប។
លោកស្រីរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរនិងមោទនភាពចំពោះនិស្សិតដែលបាន
ប្រឡងជាប់អាហារូបករណ៍និងបានស្នើឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រហើយវិលត្រឡប់
មកវិញជាមួយចំណេះដឹងបទពិសោធន៍ដើម្បីជួយអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបន្តជួយ
អភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា។
លោក វ៉ាន់ ដារារិទ្ធ តំណាងនិស្សិតជាប់អាហារូបករណ៍ បានឱ្យដឹងថាពួកគេនឹងចាកចេញទៅប្រទេស
ជប៉ុននៅថ្ងៃទី១ខែមេសា២០១៣ខាងមុខនេះហើយបានសន្យាថាខិតខំរៀនសូត្រនិងយកចំណេះដឹង
បទពិសោធន៍មកចែករំលែកដល់និស្សិតនៅកម្ពុជានិងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕
សុវណ្ណរិទ្ធចំណងជើងរូបថតនិស្សិតជាប់អាហារូបករណ៍ទាំង៣៦រូបថតអនុស្សាវរីយ៍ជាមួយ
លោកឯកអគ្គរាជទូតជប៉ុននិងលោកស្រីរដ្ឋលេខាធិការក្រសួងអប់រំ