ភ្នំពេញ ៖ សម្ព័ន្ធភាពជាតិឃុំ-សង្កាត់បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងក្រមសីលធម៌ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីលោក ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។
លោក សយ កុសល ប្រធានសម្ព័ន្ធជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីដំណើរការរៀបចំ និងសេចក្តីព្រាងក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិថា តើហេតុអ្វីបានជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវតែមានក្រមសីលធម៌? ហើយក្រមសីលធម៌នេះទៀតសោធមានផលវិជ្ជមានអ្វីខ្លះដល់ការអនុវត្តការងារ និងការរស់នៅប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ ទី២-ផ្តល់ឱកាសឲ្យសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិពិភាក្សាអំពីសេចក្តីព្រាងក្រមសីលធម៌ ទី៣-កែលម្អសេចក្តីព្រាងក្រមសីលធម៌ បន្ទាប់ពីបានប្រមូលធាតុចូលរបស់សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសទៅទៀតនោះគោលបំណងដែលយើងចង់បានចុងក្រោយសម្រាប់សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ បន្ទាប់ពីអង្គសិក្ខាសាលាធ្វើការកែតម្រូវរួចហើយ គឺថាតើក្រមសីលធម៌នោះត្រូវបានដាក់ធ្វើជាច្បាប់ ឬត្រឹមតែជាគោលការណ៍តែប៉ុណ្ណោះ។
លោក ណាំ ទុំ បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្រមសីលធម៌ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ម្ចាស់ជំនួយ និងសម្ព័ន្ធជាតិឃុំ សង្កាត់ ក្នុងការបង្កើតឲ្យមានក្រមសីលធម៌មួយ ដែលក្រមសីលធម៌នេះ វានឹងថ្នល់នូវគុណតម្លៃការងារបន្ថែមដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ធានាយ៉ាងណាដើម្បីឲ្យក្រុមប្រឹក្សាអនុវត្តការងារប្រចាំថ្ងៃប្រកបដោយវិជ្ជាជីវៈខ្ពស់។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ឃើញថា ការបង្កើតសមាគមរាជធានី ខេត្ត និងសមាគមក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ ឃុំ សង្កាត់ បានដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
តាមសេចក្តីព្រាងក្រមសីលធម៌សម្រាប់អាជ្ញាធរមូលដ្ឋានឲ្យដឹងថា គោលការណ៍សំខាន់ៗនៃក្រមសីលធម៌សម្រាប់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ត្រូវមានភាពស្មោះត្រង់ ការគោរពប្រជាពលរដ្ឋ ភាពជាអ្នកដឹកនាំ ភាពយុត្តិធម៌ គណនេយ្យភាព និងភាពបើកចំហ៕
ដោយ៖ សស្អាត